សន្ដិសុខសង្គម

មនុស្ស២នាក់បានបាត់ខ្លួនក្នុងសមុទ្រខេត្តព្រះសីហនុ ហើយមកដល់ពេលនេះរកមិនឃើញ

ដោយ៖សហការី
ព្រះសីហនុ៖សមត្ថកិច្ចប្រាប់ថា មានមនុស្ស២នាក់បានធ្លាក់ពីទូកនេសាទចូលទៅក្នុង លម្ហសមុទ្រកាលពីព្រលប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចន្លោះកោះតាងនិងកោះពីរ ស្ថិតនៅភូមិសាស្ត្រ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។


បើតាមសាច់ញាតិម្ចាស់ទូកបានប្រាប់សមត្ថកិច្ចតាមទូរសព្ទថា មុនកើតហេតុ  នៅលើទូកមានមនុស្សចំនួន៦នាក់ ហើយអ្នកធ្លាក់ទឹកបាត់ខ្លួនមានស្ត្រីអាយុ២៤ឆ្នាំម្នាក់ និងក្មេងស្រីតូចម្នាក់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។


ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះមានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារ​សង្រ្គោះ របស់អ្នកឧកញ៉ា ទៀ វិចិត្រ កងការពារកោះតាងលេខ៣ បញ្ជាការដ្ឋានការពារ កោះ ឆ្នេរ , ស្នាក់ការសន្តិសុខកោះតាង ទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខ​លម្ហសមុទ្រ នគរបាលការពារព្រំដែនទឹក និងប្រជានេសាទបានចេញជួយស្វែងរក​អ្នកបាត់ខ្លួនទាំងនោះ។ ប៉ុន្តែគិតមកត្រឹមព្រឹកថ្ងៃ២តុលា ឆ្នាំ២០២៣ ជោគវាសនា​របស់អ្នកបាត់ខ្លួនទាំងនោះគឺនៅមិនទាន់បានរកឃើញនៅឡើយទេ៕