ព័ត៌មានជាតិ

ត្រីបបែលទឹកសាបទម្ងន់៣០០គីឡូក្រាមរកឃើញនៅខេត្តស្ទឹងត្រែងបានជាប់កំណត់ត្រាពិភពលោក

ដោយៈសុខុម
ភ្នំពេញ៖ ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong) បានប្រកាសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។


ត្រីបបែលយក្សទឹកសាបដ៏ធំនេះត្រូវបានរកឃើញនៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន។


ប្រភពដដែលបន្តថា ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានពី​ត្រីបបែល​ដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic វានឹងជួយយើងការពារ​ប្រភេទសត្វជិតផុតពូជនេះ។


សូមរំលឹកថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងក្រុមការងារគម្រោង​អច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គកម្ពុជា បានវាស់ថ្លឹង និងកិបស្លាកលេខ ព្រមទាំងយកសំណាកធ្វើ DNA ហើយបានលែងបបែលយក្ស ចូលក្នុង​ទន្លេមេគង្គ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។ បបែលយក្សនេះមានទម្ងន់ ៣០០ គីឡូក្រាម និងទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រ។


លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាធ្លាប់ថ្លែងថា បបែលទាំងអស់នៅក្នុង​ប្រទេសកម្ពុជា រាប់ទាំងនៅក្នុងទឹកសាប និងទឹកប្រៃមាន ១៥ ប្រភេទ។ ប៉ុន្តែចំពោះ​ប្រភេទបបែលយក្សទឹកសាបខាងលើ ជាប្រភេទមួយកំពុងរងគ្រោះទៅរកការជិតផុតពូជ ព្រោះសត្វបបែលប្រភេទនេះមិនសម្បូរទេនៅតាមទន្លេមេគង្គ។


លោកបន្តថា បបែលនេះជាប់ជាប្រភេទបបែលដែលធំជាងគេបង្អស់នៅលើ​ពិភពលោក ដែលអាចនិយាយបានថា ជាពូជត្រីពិសេសមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពពួក​ត្រីរាជ និងត្រីគល់រាំង។លោកបញ្ជាក់ថា ត្រីបបែលយក្សហ្នឹងមានតែនៅខាងប្រទេសឡាវ ថៃ និងប្រទេសកម្ពុជា។វានៅតែតាមបណ្តោយខ្សែទឹកទន្លេមេគង្គ»៕