សន្ដិសុខសង្គម

ក្រោយជំនន់ស្រកចុះ លំនៅដ្ឋានពលរដ្ឋេជាង ៤.០០០ខ្នង ផ្លូវថ្នល់ជាង២០.០០០ម៉ែត្រ និងដំណាំស្រូវរាប់សិបហិកតារងការប៉ះពាល់

ដោយ៖សុខុម

បាត់ដំបង៖ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះថា÷ ជំនន់ទឹកភ្លៀងដែលមានប្រភពមកពីផ្នែកខាងលើរបស់ស្រុកសំឡូត បានហូរបុកចូលតាមអូរ ព្រែក និងដងស្ទឹងសង្កែ​ ចាប់តាំងពីថ្ងៃទី២៨-២៩ ខែកញ្ញាមក ជាហេតុបណ្តាលឲ្យតំបន់ជាច្រើន ពិសេសក្នុងភូមិសាស្ត្រ​នាប៉ែកខាងក្រោមៗខេត្តបាត់ដំបង បានជន់លិចយ៉ាងគំហុករហូតទឹកហក់ឡើង​ក្នុងកម្ពស់ជិតដល់ចំណុចប្រកាសអាសន្ន។

ឥទ្ធិពលបរិមាណទឹកភ្លៀងដែលហក់ឡើងយ៉ាងពោរពាសក្រោយហូរស្រុងគ្របដណ្តប់ជួរដងស្ទឹងសង្កែ និងតំបន់ក្បែរគ្នានេះ បានប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ផ្លូវថ្នល់ ដំណាំស្រូវ រួមទាំងដំណាំ​រួមផ្សំជាច្រើនទៀតដែលតួលេខបឋមរួមមាន: លំនៅដ្ឋានពលរដ្ឋប៉ះពាល់ចំនួន ៤.៣៦១ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១០៧គ្រួសារ, ផ្លូវថ្នល់ក្រាលចាក់បេតុង ផ្លូវថ្នល់ក្រាលកៅស៊ូ ផ្លូវថ្នល់ក្រួសដីក្រហម លិច និងប៉ះពាល់ ២០.៩២៤ម៉ែត្រ រួមទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗប៉ះពាល់សរុបចំនួន ២.៦២៦ហិកតាផងដែរ។

ប្រភពមន្ត្រីដដែលបន្តថា÷ តំបន់ដែលរងផលប៉ះពាល់ក្រោយទឹកស្រកវិលមករកសភាពធម្មតាវិញមានចំនួន ៥ក្រុង ស្រុក ក្នុងនោះមាន: ស្រុកសំឡូត, ស្រុកបាណន់, ក្រុងបាត់ដំបង, ស្រុកសង្កែ និងស្រុកឯកភ្នំ ប៉ះពាល់ចុងក្រោយគេ និងធ្ងន់ធ្ងរជាងគេ៕