សេដ្ឋកិច្ច

ស្ថាប័នចំនួន៣បានចុះអនុស្សរណៈដើម្បីរួមគ្នាជួយដោះស្រាយបញ្ហាពន្ធដារគណនេយ្យហិរញ្ញវត្ថុនិងអាជីវកម្មស្តង់ដារ

ដោយ៖ សុផល

ភ្នំពេញ៖ស្ថាប័នសំខាន់ៗចំនួន៣ដែលមានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅថា(CTAFA) វិទ្យាស្ថានស៊ីអ៊ីអូ(CEO)និងសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា (CFO) បានចុះអនុស្សរណៈMoUដើម្បីរួមគ្នាដោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុនិងអាជីវកម្មស្តង់ដារនៅកម្ពុជា។

ពិធីចុះហត្ថលេខាMoU ត្រីភាគីដ៏សំខាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញស្របពេលដែលសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)បានបើកសម្ពោធជាផ្លូវការរបស់ខ្លួនដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់។

លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាបានបញ្ជាក់ថា៖ អនុស្សរណៈយោគយល់ត្រីភាគីដែលបានធ្វើឡើងនៅនេះមានគោលបំណងសំខាន់ដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ឱ្យបានយល់ដឹងបន្ថែមអំពីកាតព្វកិច្ចនិងច្បាប់ពន្ធដែលពួកគាត់មានកាតព្វកិច្ចអនុវត្ត។

លោកបានបន្តថា៖«MoUនេះក៏នឹងជួយឲ្យម្ចាស់អាជីវកម្មប្រកបរបររកទទួលទានមានការរីកចម្រើន និងអាជីវកម្មតាមស្តង់ដារព្រមទាំងទទួលបានចំណេះជំនាញផ្នែកអាជីវកម្ម ការគ្រប់គ្រងអាជីវកម្មក៏ដូចជាការយល់ដឹងពីបញ្ហាពន្ធដារ ពីហានិភ័យនៃពន្ធដារ និងច្បាប់ជាធរមានជាពិសេសជួយម្ចាស់អាជីវកម្មឱ្យយល់ដឹងអំពីគណនេយ្យក៏ដូចជាគណនេយ្យហិរញ្ញវត្ថុច្បាស់លាស់»។

លោកអ៊ុំសារ៉ាវុធបានបញ្ជាក់ថា៖សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាគឺផ្តោតជាសំខាន់ជួយទៅលើបញ្ហាពន្ធដារចំណែកស៊ីអូម៉ាស្ទ័រក្លិបផ្ដោតលើការបណ្តុះបណ្តាលម្ចាស់អាជីវកម្មទាក់ទងទៅនឹងការគ្រប់គ្រងអាជីវកម្មស្តង់ដារ ចំណែកសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជាគឺបណ្តុំទៅដោយអ្នកជំនាញខាងគណនេយ្យនិងហិរញ្ញវត្ថុ។ស្ថាប័នទាំងបីនេះបន្ទាប់ពីបានចាប់ដៃគ្នាហើយនឹងធ្វើយ៉ាងណាដើម្បីឲ្យម្ចាស់អាជីវកម្មបានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីរបររកទទួលទាននិងការធ្វើអាជីវកម្មរបស់ពួកគាត់ ឲ្យអនុលោមទៅតាមច្បាប់និងការគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាព។

លោកតឹកវាសនាប្រធានសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា(CFO)ក៏បានបញ្ជាក់ដែរថា៖នៅ កម្ពុជាធនធានមនុស្សផ្នែកគណនេយ្យហិរញ្ញវត្ថុគឺមានការខ្វះខាតខ្លាំង។ កម្ពុជាត្រូវការធនធានមនុស្សលើវិស័យនេះ។ ដូច្នេះMoUត្រីភាគីនេះគឺប្រមូលអ្នកជំនាញខាងវិស័យគណនេយ្យហិរញ្ញវត្ថុ ពន្ធដារដើម្បីជួយបណ្តុះបណ្តាលធនធានលើវិស័យនេះឲ្យកាន់តែមានការរីកចម្រើន។

លោកបន្ថែមថា៖កន្លងមកសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជារបស់លោកបានជួយដល់ម្ចាស់អាជីវកម្មក៏ដូចជានិស្សិតរៀនគណនេយ្យឱ្យយល់ច្បាស់ពីបញ្ហាការងារគណនេយ្យនិងហិរញ្ញវត្ថុ។ចំណែកស៊ីអ៊ីអូម៉ាស្ទ័រក្លិបបានចូលរួមយ៉ាងសំខាន់ជួយបណ្តុះបណ្តាលបង្វឹកម្ចាស់អាជីវកម្ម ពីវិធីសាស្ត្រគ្រប់គ្រងអាជីវកម្មជាដើម។រីឯសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាជួយទៅលើបញ្ហាពន្ធដារ។ការចុះMoUនៃបីស្ថាប័ននេះពិតណាស់នឹងជួយសហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានច្រើន។លោកតឹកវាសនាបានលើកឡើងថា៖មូលហេតុដែលពន្ធដារពិន័យគឺដោយសារតែបញ្ហារបាយការណ៍ហិរញ្ញវត្ថុមិនបានល្អ។ ស្ថាប័នទាំងបីមានជំនាញច្បាស់លាស់ដូច្នេះអាចនឹងជួយដល់ម្ចាស់អាជីវកម្មអាចបង់ពន្ធបានត្រឹមត្រូវចៀសផុតពីការពិន័យពីមន្រ្តីពន្ធដារ។

លោកគ្រូធំបណ្ឌិតអោមសេងបូរ៉ាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស៊ីអ៊ីអូក៏បានធ្វើបទបង្ហាញពីគន្លិះសំខាន់ៗអំពីការកសាងសមត្ថភាពរៀបចំក្រុមហ៊ុនពីលក្ខណៈគ្រួសារទៅស្តង់ដារដើម្បីឲ្យអ្នកចូលរួមដែលភាគច្រើនជាម្ចាស់អាជីវកម្មបានស្វែងយល់ការ់តែច្បាស់ថែមទៀត។

ចំណែកលោក អ៊ំ សារ៉ាវុធ ក៏បានចែករម្លែកនូវបទពិសោធនិងចំណេះដឹងជាក់ស្តែដល់ម្ចាស់អាជីវកម្មដែលបានចូលរួមអំពីច្បាប់ពន្ធដារ កាតព្វកិច្ចនិងសិទ្ធិរបស់អាជីវកម្មបទដ្ឋានគតិយុត្តផ្សេងៗដែលម្ចាស់អាជីវកម្មត្រូវតែមានដើម្បីចៀសវាងបញ្ហាពិន័យពីពន្ធដារដូចជាការខ្វះអាជ្ញាប័ណ្ណការមិនទាន់ស្របច្បាប់ ការប្រកាសពន្ធខុស ការធ្វើរបាយការណ៍ហិរញ្ញវត្ថុមិនបានត្រឹមត្រូវជាដើម។

ពាក់ព័ន្ធនឹងការបង្កើតសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)នេះឡើង លោក អ៊ំ សារ៉ាវុធ បានលើកឡើងថា៖ គឺដោយសារមើលឃើញអ្នករកស៊ីនៅស្រុកខ្មែរមួយចំនួនធំអត់ទាន់បានយល់ដឹងច្បាស់ពីបញ្ហាពន្ធដារ ច្បាប់ពន្ធដារដែលធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាជាច្រើន។ ដូច្នេះការបង្កើតសមាគមនេះឡើងគឺដើម្បីជួយម្ចាស់អាជីវកម្មឱ្យយល់ដឹងពីពន្ធដារគណនេយ្យហិរញ្ញវត្ថុនិងផ្តល់ប្រឹក្សាយោបល់បង្រៀនឲ្យយល់ពីអាជីវកម្មថាតើមានពន្ធអ្វីខ្លះដែលពួកគាត់ត្រូវបង់ និងផ្តល់ដំណោះស្រាយផ្សេងៗដល់ម្ចាស់អាជីវកម្មទាំងអស់។

គួរបញ្ជាក់ថា៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CAMBODIA TAXAGENT FEDERATION  ASSOCIATION) ហៅថា CTAFA បានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃតាមរយៈប្រកាសលេខ ៥៩៩៦ប្រកចុះថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២។ជាមួយនោះ បានបំពេញកាតព្វកិច្ចចុះបញ្ជីសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារតាមរយៈលិខិតលេខ៣០០៧៣អពដចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២។ សមាគមមានអាសយដ្ឋាននៅផ្ទះលេខC៤៦និងC៤៨ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោក អ៊ុំ សារ៉ាវុធ បានឲ្យដឹងថា៖ សមាគមនេះគឺមិនមែនជាស្ថាប័នស្វែងរកប្រាក់កម្រៃនោះទេ។ប៉ុន្តែយើងមានចក្ខុវិស័យដ៏ជ្រាលជ្រៅគឺចង់ឃើញការអនុវត្តច្បាប់ពន្ធរវាងរដ្ឋបាលសារពើពន្ធនិងធុរកិច្ចជនមានតម្លាភាព ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឲ្យរឹងមាំ។សមាគមមានបេសកកម្មចូលរួមសហការល្អជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអប់រំនិងការបណ្តុះបណ្តាលច្បាប់សារពើពន្ធតាមរយៈសិក្ខាសាលានិងវគ្គបណ្តុះបណ្ដាលនៅក្នុងប្រទេសនិងក្រៅប្រទេស។ ចងក្រងជាបណ្តាញនិងជាសំឡេងតែមួយងាយស្រួលក្នុងការចូលរួមលើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ធុរកិច្ចជនឱ្យបានត្រឹមត្រូវនិងអនុលោមទៅតាមច្បាប់។ លើសពីនោះគឺចូលរួមសហការជំរុញឱ្យមានវប្បធម៌ចូលរួមបង់ពន្ធជូនរដ្ឋធ្វើឱ្យសេដ្ឋកិច្ចជារីកចម្រើនឆាប់រហ័សនិងចូលរួមចំណែកជួយដល់ការងារសង្គមនិងសប្បុរសធម៌៕