សន្ដិសុខសង្គម

មន្រ្តីជំនាញបើកដៃឱ្យឈ្មួញដឹកឈើចេញពីកោះខ្ញែយ៉ាងគគ្រឹកគគ្រេងដោយមិនបង្ក្រាប

ដោយ:សុខុម

ក្រចេះ៖មេឈ្មួញធំៗបំផ្លាញព្រៃឈើក្នុងខេត្តក្រចេះពីរទៅបីនាក់ប្រើរថយន្តសាំយ៉ុងមិនក្រោម១០គ្រឿងទេក្នុងមួយយប់ៗដឹកជញ្ជូនឈើចេញពីកោះខ្ញែភូមិខ្សាច់លាវឃុំអូរគ្រៀងស្រុកអូរគ្រៀងសែនជ័យយ៉ាងអនាធិបតេយ្យដោយមិនមានសមត្ថកិច្ចណាហ៊ានប៉ះ។

អ្នករស់នៅជិតតំបន់នោះបានលើកឡើងថាបទល្មើសដឹកជញ្ជូនឈើក្រហមនៅក្នុងតំបន់កោះខ្ញែឃុំអូរគ្រៀងស្រុកអូគ្រៀងសែនជ័យក្រោមការបើកដៃពីសមត្ថកិច្ចជំនាញតែម្តង។សកម្មភាពដឹកជញ្ជូនឈើនេះកើតឡើងបន្ទាប់ពីគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ជាតិដកកម្លាំងទៅវិញ។

អ្នកទាំងនោះបានឱ្យដឹងទៀតថាមន្ត្រីថ្នាក់មូលដ្ឋានហាក់មិនមានវិធានការទប់ស្កាត់ឡើយជាពិសេសជំនាញរដ្ឋបាលព្រៃឈើ។បើទោះបីជាបទល្មើសដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងចេញពីក្នុងដែនដីរដ្ឋបាលគ្រប់គ្រងដោយខ្លួនយ៉ាងណាក៏ដោយ។ចំណែកសមត្ថកិច្ចផ្សេងទៀតសម្ងំស្ងៀមចាំរាប់ក្បាលឡានទទួលផលប្រយោជន៍ពីឈ្មួញយកលុយទៅបង់ឲ្យ។

សូមបញ្ជាក់ថាឈើទាំងនោះត្រូវបានឈ្មួញដឹកជញ្ជូនចេញពីព្រៃឡង់មកលើកដាក់លើទូកនៅអូឡង់ស្រុកសៀមបូកខេត្តស្ទឹងត្រែងរួចដឹកជញ្ជូនតាមទូកចុះទៅកោះខ្ញែភូមិខ្សាច់លាវឃុំអូរគ្រៀងនិងលើកបន្តដាក់រថយន្តសាំយ៉ុងរួចដឹកចេញពីទឹកដីកោះខ្ញែ ភូមិខ្សាច់លាវឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តព្រៃវែងបានយ៉ាងរលូន។

លោក កែវចំណាននាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងសែនជ័យនៅពេលដែលមានការរិះគន់ពីសកម្មភាពដឹកជញ្ជូនឈើអនាធិបតេយ្យនេះ អ្នកយកព័ត៌មានមិនទាន់អាចសុំការពន្យល់បានទេជុំវិញបទល្មើសបំផ្លាញព្រៃឈើខាងលើនេះ៕