សន្ដិសុខសង្គម

ស្លាប់ម្នាក់,របួសម្នាក់ដោយគ្រោះថ្នាក់ចរាចរនៅផ្លូវជាតិលេខ៤

ដោយ៖រតនា
ព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសបន្ទាប់ពីគ្រោះថ្នាក់រវាងម៉ូតូ បុកជាមួយម៉ូតូនៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣។


អ្នកដែលស្លាប់ឈ្មោះ ប៉ោ វឿន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។រីឯអ្នករងរបួសធ្ងន់ឈ្មោះ គង់ វណ្ណៈ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។


មិនមានសមត្ថកិច្ចណាបញ្ជាក់ទេ តែបើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញឈ្មោះប៉ោ វឿនដែលស្លាប់ បានជិះម៉ូតូម៉ាក BET ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ1G-7881។នៅពេលនោះគាត់បានជិះម៉ូតូបញ្ច្រាសទិស ហើយគាប់ជួនពេលនោះមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាពណ៌សបើកដោយឈ្មោះ គង់ វណ្ណៈក្នុងទិសដៅផ្ទុយគ្នាក៏បុកបណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់៕