សន្ដិសុខសង្គម

រថយន្តសាំយ៉ុងបើកធ្លាក់ចូលប្រឡាយបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់

ដោយ៖សុខុម

ព្រៃវែង៖មនុស្ស៤នាក់បានស្លាប់ និងជាច្រើននាក់ រងរបួសក្នុងហេតុការណ៍រថយន្តសាំយ៉ុងមួយគ្រឿងរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកនៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីម៉ោង១០យប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣។

សមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានអោយដឹងថានៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកមនុស្សជិត១០នាក់មកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឺក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់និង៥នាក់ផ្សេងទៀត បានរួចរស់ជីវិត។

កម្លាំងនគរបាលស្រុកបាភ្នំ និងប្រជាពលរដ្ឋជួយសង្រ្គោះជនរងគ្រោះ ស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាភ្លាមនោះគេមិនទាន់ដឹងអំពីមូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍នោះនៅឡើយទេ៕