សន្ដិសុខសង្គម

ជិះម៉ូតូបុកផ្ទប់នឹងរថយន្តដឹកថ្មពេលកំពុងឈប់រង់ចាំភ្លើងស្តុបបណ្ដាលឱ្យស្លាប់

ដោយៈសុខុម
ភ្នំពេញ:បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកថ្មចតស្ងៀមនៅកន្លែងរង់ចាំភ្លើងស្តុបពីក្រោយពេញទំហឹងបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ពានអាកាសជម្ពូវ័ន ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ម៉េង ហ៊ុយ អាយុ២៣ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ត​ឲ្យគេ មានស្រុកកំណើត ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។


អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុរថយន្តសណ្ដោងរ៉ឺម៉កដឹកថ្មមួយគ្រឿង ពណ៌ក្រហម ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ3E .7255 មានកន្ទុយរ៉ឺម៉កខាងក្រោយ ពាក់ផ្លាកលេខ ព្រះសីហនុ 4A.2203ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុរថយន្តក៏ឈប់រង់ចាំភ្លើងស្តុប ស្របពេលនោះក៏ឃើញមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ពោធិ៏សាត់1B.7757 ធ្វើដំណើរស្របគ្នាមកពីក្រោយ​ក្នុងល្បឿនលឿនបានជ្រុលបុករថយន្តដឹកថ្មពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាម។នៅពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើងអ្នកបើកបររថយន្តចុះគេចខ្លួនបាត់បន្សល់​ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលគ្រោះថ្នាក់សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ។សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិ៕