សន្ដិសុខសង្គម

ឆក់កាបូបបានសម្រេចជិះរត់ជ្រុលបុកម៉ូតូ២គ្រឿងដួលបោកក្បាលស្លាប់ខ្លួនឯង

ដោយៈសុខុម
ភ្នំពេញ ៖ មិនបាច់កាត់ក្តីទេជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដែលជាគ្រូពេទ្យបានសម្រេច ហើយជិះម៉ូតូរត់គេចបែរជាជ្រុលចង្កូតបុកម៉ូតូពីរគ្រឿង ផ្សេងទៀតបណ្ដាលឱ្យដួលស្លាប់ខ្លួនឯងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។


សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់កាបូបឈ្មោះ សាំង សុនីតា អាយុ៣៤ឆ្នាំ មុខរបរ ជាគ្រូពេទ្យ មានទីលំនៅ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ មុនពេលកើតហេតុ​ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-6152 ។ចំណែកជនសង្ស័យឈ្មោះយ៉ែន វណ្ណឌី អាយុ២៥ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JA-5458 ។


ស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនជិះម៉ូតូទៅធ្វើការងារតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ខាងក្រោមស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ស្រាប់តែ​លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JA-5458 ធ្វើសកម្មភាពឆក់យកកាបូប។នៅក្នុងកាបូបនោះមានសម្ភារពេទ្យ ទូរសព្ទ លុយ បាយ ដែលដាក់នៅតាមខ្លួន។

ពេលចោរឆក់បានសម្រេចហើយ ព្យាយាមជិះរត់គេច ភ្លាមនោះជនរងគ្រោះបាន​ស្រែកចោរៗ ឆោឡោ ទាំងអ្នកដំណើរ ជួយស្រែកចោរៗ និងជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ជនសង្ស័យបត់ឆ្វេងឆ្លងផ្លូវ ជនសង្ស័យជ្រុលទៅបុកម៉ូតូហុងដាប៊ិត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KG-6670 ជិះដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីជើងទៅត្បូង និងបន្តបុកម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-4236 ជិះដោយបុរសម្នាក់ ពីកើតទៅលិច ដួលទាំង៣គ្រឿង បណ្តាលឱ្យជនសង្ស័យបោកក្បាលស្លាប់ភ្លាមៗ​នៅកន្លែង ។អ្នកដំណើរ២នាក់មិនដឹងអី​រងរបួសធ្ងន់ត្រូវគេជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ៕