សន្ដិសុខសង្គម

ចាប់បានពិរុទ្ធជននៅទឹកដីថៃ ករណីបាញ់សម្លាប់ជាងកាត់សក់ម្នាក់ កាលពី៣ឆ្នាំមុន

ដោយ៖វិចិត្រ
ភ្នំពេញ៖រសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣ កម្លាំងនគរបាលភ្នំពេញជាមួយនគរបាលថៃ បានសហការចាប់ពិរុទ្ធជនដែលបាញ់សម្លាប់ជាងកាត់សក់ម្នាក់ នៅខណ្ឌទទួលគោក​កាលពី៣ឆ្នាំមុន។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ដោយមានបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាល​រាជធានីពេញបានដឹកនាំកម្លាំង ចុះសហការជាមួយនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនគរបាលថៃ ។

បន្ទាប់ពីសហការនារសៀលថ្ងៃទី២២ ខែកញ្ញាសមត្ថកិច្ចបានចាប់ពិរុទ្ធជនម្នាក់ឈ្មោះ លីថារិយ អាយុ ៣២ឆ្នាំទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ពីបទបាញ់​សម្លាប់​ជាងកាត់សក់ម្នាក់ នៅខណ្ឌទទួលគោកកាលពី៣ឆ្នាំមុន។ជននេះត្រូវបានបញ្ជូនមកកម្ពុជា​ដើម្បីអនុវត្តតាមច្បាប់ ពីអំពើឃាតកម្មនិងកាន់កាប់អាវុធខុសច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០ ក្រោយពីបាញ់សម្លាប់ជនរងគ្រោះឈ្មោះ សុខ ឆន រួចមក ជនសង្ស័យបានរត់គេចខ្លួនបាត់។តុលាការក្រុងភ្នំពេញបានចេញដីកា​បង្គាប់ឱ្យសមត្ថកិច្ចរកចាប់ និងឃុំខ្លួនលេខ៦៨៨ឈ-ដឃដ ចុះថ្ងៃទី០៥ ខែសីហា​ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានី​ភ្នំពេញ៕