សន្ដិសុខសង្គម

ចាប់ចិនម្នាក់ចំណោម៣នាក់សង្ស័យករណីចាប់ជំរិត និងរំដោះវៀតណាម២នាក់

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងអាវុធហត្ថភ្នំពេញនិងខណ្ឌពោធិ៍សែនជ័យ សហការដេញចាប់ ជនសង្ស័យជាតិចិនបានម្នាក់ចំណោម៣នាក់។ក្រុមនេះបានប្រព្រឹត្តបទល្មើសចាប់ បង្ខាំងវៀតណាមឳពុកនិងកូនស្រី ដើម្បីជំរិតទារប្រាក់។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ ម្តុំភ្លើងស្តុប កែងផ្លូវបេតុងវត្តអង្គត្រគៀត ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពី​ល្ងាចថ្ងៃទី២២ ខែកញ្ញា។

មុនកើតហេតុ មានករណីចាប់មនុស្សជំរិតទារប្រាក់ ដោយរថយន្តដឹកជនរងគ្រោះ​ជាតិវៀតណាមឳពុកនិងកូនស្រី ព្យាយាមបើករត់គេច តែសមត្ថកិច្ចប្រដេញតាម ។

ពេលនោះជនសង្ស័យក៏បានបើករថយន្តប៉ងបំបុក និងបាញ់លើរថយន្តកងកម្លាំង តែត្រូវសមត្ថកិច្ចផ្ទុះអាវុធតបតវិញដោយបាញ់បំបែកកង់រថយន្តជនល្មើស ហើយបានចាប់ជនសង្ស័យជាតិចិនម្នាក់ រីឯ២នាក់ទៀតចុះរត់គេចខ្លួនបាត់។ក្នុងនោះរំដោះបានជនរងគ្រោះជាតិវៀតណាម២នាក់ ខូចខាតរថយន្ត៣គ្រឿង របស់ជនសង្ស័យ១គ្រឿងម៉ាក ALPHARD ផ្លាកលេខ ភ្នំពេញ 2BX-2282 និងរថយន្តសមត្ថកិច្ច២គ្រឿង។

ក្រោយពីចាប់ជនសង្ស័យ និងរំដោះបានជនរងគ្រោះ រួមទាំងវត្ថុតាង​កម្លាំងបាននាំយកទៅ​ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីនិងស្រាវជ្រាវតាមចាប់​បក្ខពួក​បន្ថែមទៀត៕