សន្ដិសុខសង្គម

ស្ត្រីម្នាក់សង្ស័យសម្លាប់គ្រូទាយ បានចងកធ្វើអត្តឃាតក្នុងបន្ទប់ឃុំឃាំង

ដោយ៖វិចិត្រ
ភ្នំពេញ៖ស្រ្ដីសង្ស័យម្នាក់សម្លាប់គ្រូទាយ ដើម្បីប្លន់យកគ្រឿងអលង្ការក្នុងផ្ទះសំណាក់​មួយកន្លែង បានចងកធ្វើអត្តឃាតក្នុងបន្ទប់ឃុំឃាំង នៃអធិការដ្ឋាននគរបាល​ខណ្ឌដូនពេញ កាលពីថ្ងៃទី២១ ខែកញ្ញា។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ នួន ខេង អាយុ៥១ ឆ្នាំស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា។ការចាប់ខ្លួននេះតាមដីកាបង្គាប់បញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ របស់តុលាការភ្នំពេញ ហើយបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

បន្ទាប់មកកម្លាំងនគរបាលរាជធានីភ្នំពេញ ផ្នែកកោសល្យវិច័យនិងបច្ចេកទេស បានចុះពិនិត្យសព និងទីតាំងកើតហេតុដោយបានបញ្ជាក់ថា អត្តឃាតជនខាងលើនេះ ពិតជាបានចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន។សមត្ថកិច្ចបានប្រគល់សពឱ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យ៕