សន្ដិសុខសង្គម

បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារម៉ូតូនិងរថយន្តប៉ះគ្នានៅស្រុកជុំគិរី

ដោយ៖កំចាយ

កំពត÷ បុរសម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿន រួចជ្រុលបុករថយន្តមកពីមុខបណ្តាលឱ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅលើដងផ្លូវជាតិលេខ៤១ ក្នុងភូមិព្រៃឃ្លៃ ឃុំ ស្រែចែង ស្រុកជុំគិរី។ អ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលចរាចរណ៍ស្រុកជុំគិរីបានប្រាប់ឱ្យដឹងថា បុរសដែលបានស្លាប់ក្នុង ហេតុការណ៍ខាងលើឈ្មោះ ជត នាង អាយុ ៣០ឆ្នាំ មានទីលំនៅភូមិព្រៃឃ្លៃ ឃុំ ស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ញាន សុបុល ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរមួយបានកេីតឡេីងរវាងម៉ូតូ និងរថយន្តនៅលេីកំណាត់ផ្លូវជាតិ លេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩-៦០ ពេលកំពុងធ្វើដំណើរក្នុងទិសដៅ ផ្ទុយគ្នា បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ។ មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរសរងគ្រោះបានបើកម៉ូតូម៉ាកឃ្លីកពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះកំពុងបើកមកពីមុខ រួចដួលបោកក្បាលទៅនឹងថ្នល់ពេញទំហឹងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញអ្នកបើកម៉ូតូរូបនោះ​បាត់បង់ជីវិតទៅហើយ។ ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចក៏បានប្រគល់សពបុរស​រងគ្រោះ​ជូន​ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង និងអ្នកបើកបរ​រថយន្តត្រូវសមត្ថកិច្ចនាំមកកាន់អធិការរដ្ឋាននគរបាលស្រុកជុំគិរីដើម្បីចាត់ការបន្ត៕