សេដ្ឋកិច្ច

ចូលរួមមហាព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងអស់គ្នានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

ដោយ៖រតនា

ភ្នំពេញ៖ស្ថាប័នសំខាន់ៗចំនួន៣បានរួមគ្នាបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ គឺចុះអនុស្សរណៈ សម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារនិងធុរកិច្ចជនដើម្បីរួមគ្នាដោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុនិងអាជីវកម្មស្តង់ដារ។

លោកអ៊ុំ សារ៉ាវុធ(ឆ្វេង) លោកតឹក វាសនា លោកគ្រូធំបណ្ឌិតអោម សេងបូរ៉ា

ព្រឹត្តិការណ៍នេះអាចចាត់ទុកបានថា គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្ត ដោយមានការចូលរួមពីសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅថា(CTAFA),សមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា(CFO)និងវិទ្យាស្ថានស៊ីអ៊ីអូ(CEO)ធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងព្រឹត្តិការណ៍នោះ អ្នកចូលរួមនឹងបានជួបដោយផ្ទាល់ជាមួយនឹងវត្តមានរបស់វាគ្មិនសំខាន់ៗដែលមានដូចជា៖ លោកអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារ កម្ពុជា(CTAFA), លោកតឹក វាសនា ប្រធានសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា (CFO)និងលោកគ្រូធំបណ្ឌិតអោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស៊ីអ៊ីអូ(CEO Institute) ដែលនឹងត្រូវចូលរួមបកស្រាយចែករំលែកនូវរាល់ខ្លឹមសារនៃប្រធានបទសំខាន់ៗ។

វាគ្មិនទាំង៣រូបខាងលើនេះគឺសុទ្ធសឹងជាអ្នកដែលមានចំណេះជំនាញនិងបទពិសោធស៊ីជម្រៅលើការងារដឹកនាំក្រុមហ៊ុននិងស្ថាប័នធំៗក្នុងវិស័យឯកជន។ លើសពីនោះទៅទៀតគឺជាបុគ្គលមានសមត្ថភាពនិងថ្វីមាត់ដែលតែងតែបានចំណាយពេលវេលាចូលរួមចែករំលែកនូវបទពិសោធក៏ដូចជាការផ្តល់នូវចំណេះដឹងផ្សេងៗជាច្រើនរាប់មិនអស់នៅតាមបណ្តាញសង្គម,តាមរយៈសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនានាក្នុងពេលកន្លងមក។

ដូច្នេះដើម្បីកុំឲ្យឱកាសដ៏មានតម្លៃនេះបានកន្លងផុត អស់លោក លោកស្រី អ្នកនាងកញ្ញាជាពិសេសអ្នកដែលកំពុងតែចូលប្រឡូកនៅក្នុងអាជីវកម្មផ្សេងៗជាពិសេសគឺលើផ្នែកសវនកម្ម ឬគណនេយ្យ/ហិរញ្ញវត្ថុនិងពន្ធដារ គួរចូលរួមដើម្បីទទួលបាននូវចំណេះដឹង,បទពិសោធជាគន្លឹះនិងដំណោះស្រាយថ្មីៗបច្ចុប្បន្នភាព សម្រាប់យកទៅអភិវឌ្ឍន៍ក្រុមហ៊ុនឬអាជីវកម្មរបស់ខ្លួនឲ្យកាន់តែមានភាពចម្រុងចម្រើនរីកធំឡើងបន្ថែមទៀត។

លោកអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)

លើសពីនេះអ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងបានស្គាល់គ្នាចងក្រងជាបណ្តាញឲ្យបានកាន់តែទូលំទូលាយជាមួយអ្នកដែលកំពុងតែឈរលើផ្នែកសវនកម្ម ឬគណនេយ្យ/ហិរញ្ញវត្ថុ និងភ្នាក់ងារពន្ធដារ។

អ្វីដែលពិសេសជាងនេះទៀតនោះ អ្នកចូលរួមនឹងបានយល់ដឹងកាន់តែច្បាស់លាស់ថែមទៀតអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ធុរកិច្ចជន,សារៈសំខាន់នៃការរៀបចំរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនិងកសាងសមត្ថភាពរៀបចំក្រុមហ៊ុនពីលក្ខណៈគ្រួសារទៅស្តង់ដារ។

ប៉ុន្តែអ្នកដែលចង់ចូលរួមនៅក្នុងព្រឹត្តិការណ៏ដ៏សំខាន់នេះ ត្រូវជួយបង់ជាវិភាគទានក្នុង១នាក់ចំនួន៣៥ដុល្លារតាមរយៈក្រុមការងារសមាគម(CTFA)ឬតាមរយៈព័ត៌មានមួយចំនួនទៀតដែលបានបង្ហាញជូននៅលើPoster(ផ្ទាំងរូបភាពផ្សព្វផ្សាយ)ដែលបានភ្ជាប់នៅជាមួយនេះស្រាប់។

រូបភាពសណ្ឋាគារកាំមូឌីយ៉ាណាមើលពីលើ

ព្រឹត្តិការណ៍នេះគឺនឹងចាប់ដំណើរការពីម៉ោង១៣រសៀលរហូតដល់ម៉ោង៥ល្ងាចថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣។ រីឯចាប់ពីម៉ោង៥ល្ងាចទៅគឺចូលរួមពិសាអាហារពេលល្ងាចដ៏ឆ្ងាញ់ជាមួយចុងភៅដ៏ចំណាននៅសណ្ឋាគារកាំបូឌីយ៉ាណា។ ចំពោះការទទួលចុះឈ្មោះអ្នកចូលរួមគឺនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ចំពោះអ្នកចូលរួមទាំងអស់ដែលបានជួយបង់វិភាគទានក្នុង១នាក់៣៥ដុល្លារនោះ ក្រៅតែពីទទួលបានអាហាសម្រន់និងអាហាររួមគ្នាពេលល្ងាច អ្នកចូលរួមនឹងទទួលបានត្រឡប់មកវិញនូវអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះនឹងទទួលបានចំណេះដឹងជាក់ស្តែងនិងបទពិសោធថ្មីៗ ពាក់ព័ន្ធនឹងបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុនិងអាជីវកម្មស្តង់ដារផងដែរ៕