សន្ដិសុខសង្គម

ឃាត់ខ្លួន៥នាក់ចំណោមជាង១០០នាក់បើកបរមានសារជាតិគ្រឿងញៀន

ដោយ៖វិចិត្រ
បាត់ដំបង៖កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួន៥នាក់ ពេលបើកបរមាន​សារជាតិគ្រឿងញៀន។ករណីត្រួតពិនិត្យស្ថិតតាមផ្លូវក្នុងភូមិអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាអភិបាលខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចខេត្តនិងក្រុង បានដាក់គោលដៅត្រួតពិនិត្យតាមផ្លូវរកអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងញៀន។កម្លាំងបានឃាត់រថយន្តចំនួន៤២គ្រឿងមនុស្ស៤២នាក់ និងម៉ូតូ៦៦គ្រឿង មនុស្ស៦៦នាក់ដើម្បីត្រួតពិនិត្យ។

ក្នុងនោះបានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមលើអ្នកបើកបរបាន​ចំនួន១០៨នាក់។សមត្ថកិច្ចបានរកឃើញអ្នកបើកបរម៉ូតូក្រោម​ឥទ្ធិពល​គ្រឿងញៀនចំនួន៥នាក់ ហើយបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕