សន្ដិសុខសង្គម

មួយគ្រួសារនៅស្រុកកោះសូទិនទាមទារឱ្យអាជ្ញាធរផ្តល់ការកាន់កាប់ដីធ្លីប៉ះលើដីព្រែក

ដោយៈ គង់ហេង
កំពង់ចាម៖ គ្រួសារមួយបានសាងសង់ផ្ទះក្បែរមាត់ព្រែក ស្ថិតក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានទាមទារឱ្យអាជ្ញាធរផ្តល់ការកាន់កាប់ដីធ្លីប៉ះចំដី «ព្រែកទួលធាតុ» ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ដោយសំអាងថា ជាដីកេររបស់ឪពុកបានចែកឱ្យ និងបានធ្វើរបងព័ទ្ធលើផ្ទៃព្រែកទទឹងប្រមាណ ៥០ ម៉ែត្រ និងបណ្តោយជាង ១០០ ម៉ែត្រ បង្កឱ្យប្រជាពលរដ្ឋច្រើនគ្រួសារមិនអាច ប្រើប្រាស់ទឹកបាន។


ជុំវិញករណីនេះ លោក ស្រី សុភ័ក្រ្ត អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម និងជាអភិបាលរង ខេត្តបានពន្យល់កាលពីថ្ងៃទី ២០ កញ្ញាថាៈ បញ្ហានេះយើងត្រូវតែដឹងទាំងអស់គ្នា គឺទ្រព្យសម្បត្តិសាធារណៈមិនអាចបុគ្គលណារំលោភយកបានទេ ហើយដីព្រែកនេះ ទៀតសោតរឹតតែមិនអាចយកបានទេ។ បើអ្នកណាមួយយកបាន អីចឹងអ្នកផ្សេងក៏ទាមទារ​យកបានដែរ គឺទីបំផុតវាខាតទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។


លោកអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមបានបន្តថាៈ សំណុំរឿងនេះនៅមិនទាន់ដល់ដៃ​រដ្ឋបាលខេត្តនៅឡើយទេ កំពុងស្ថិតក្នុងការដោះស្រាយរបស់រដ្ឋបាលស្រុកកោះសូទិន ហើយការដោះស្រាយកម្រិតរដ្ឋបាលស្រុកបន្ត គឺរដ្ឋបាលស្រុកនឹងរៀបចំជាសេចក្តី​សម្រេចមួយជម្រាបទៅ ម្ចាស់ចង់ទាមទារដីជាកម្មសិទ្ធិនោះ ឱ្យគាត់(អ្នកចង់បានដីព្រែក)ដឹងថា ដីនេះជាដីរបស់រដ្ឋទេ គឺមិនអាចយកធ្វើជាកម្មសិទ្ធិបានទេ គឺរដ្ឋសូមដាក់ជា​សម្បត្តិសាធារណៈដែលអាចប្រើប្រាស់បានទាំងអស់គ្នា មិនមែនសម្រាប់តែគ្រួសារ​ណាមួយ ឬបុគ្គលណាមួយឡើយ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ បុរសឈ្មោះ ណូ ស៊ីណៃ បាននាំក្រុមគ្រួសារ សាច់ញាតិ និងក្រុមអ្នកសារព័ត៌មានមកផ្សាយផ្ទាល់ នៅខាងមុខសាលាស្រុកកោះសូទិន បង្កការអុកឡុក ដោយកាន់រូបសម្តេចម៉ែនរោត្តម មុននាថ សីហនុ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដោយស្រែកទាមទាររកយុត្តិធម៌ ថាខ្លួនបានកាន់កាប់ព្រែកចំណុច​ខាងលើតាំងពីឆ្នាំ១៩៩១ តាមរករយៈពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ដែលឪពុក​របស់ខ្លួនបានទិញតពីអ្នកភូមិរបស់អាជ្ញាធរកាលនោះ គឺបានមិនមែនកាន់កាប់បំពាន​លើដីរបស់រដ្ឋទេ។


លោក សេង អុល មេឃុំពាមប្រធ្នោះបានប្រាប់ក្រុមអ្នកព័ត៌មានកាលពីថ្ងៃទី ២០ កញ្ញាថាៈ មួយគ្រួសារដែលមកតវ៉ា ទាមទារ និងបង្កការអុកឡុកឱ្យខាងអាជ្ញាធរ និងមន្រ្តីជំនាញ​ប្រគល់សិទ្ធិកាន់កាប់ដីព្រែកទួលធាតុ ស្ថិតក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះឈ្មោះ ណូ ស៊ីណៃ មានមុខរបរជាជាងជួសជុលម៉ូតូ។ ហើយដីដែលក្រុមគ្រួសារ និងសាច់ញាតិបាន និងកំពុងតវ៉ា ទាមទារកាន់កាប់ គឺដីព្រែកឈ្មោះ ទួលធាតុយ៉ាងពិតប្រាកដ ដែលយើង​ទាំងអស់គ្នា(អាជ្ញាធរ និងក្រុមអ្នកសារព័ត៌មាន)កំពុងឈរលើស្ពានឆ្លងកាត់ព្រែកនេះ។


លោកមេឃុំបានបន្តថាៈ អីចឹងមិនអាចយកព្រែកនេះដាក់ជាកម្មសិទ្ធិបុគ្គលណាមួយ​បានទេ។ ដោយកន្លងមកភាគីលោក ណូ ស៊ីណៃ តែងតែទាមទារយកដីព្រែកនេះ​ជាកម្មសិទ្ធិរបស់ខ្លួន ដោយសំអាងលើលិខិតទិញលក់ឯកតោភាគី ដែលគ្មាន​ការដឹងលឺពីអាជ្ញាធរ និងមួយទៀតពាក្យស្នើសុំកាន់កាប់ប្រើប្រាប់ដីធ្លី កាលពីឆ្នាំ១៩៩១ ជាឯកសារបណ្តោះអាសន្ន។ លុះត្រាតែជាឯកសារផ្លូវច្បាប់ដែលខាងភូមិបាល​ចុះមកធ្វើប័ណ្ណដីធ្លីជាលក្ខណៈប្រព័ន្ធ មុនឈានដល់ការចេញប័ណ្ណនេះ មានការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដឹងលឺ។ តែភាគី ណូ ស៊ីណៃ ឆ្លើយថាគាត់អត់ដឹងសោះ។


លោក ឃាង ពុធថារ៉ាត អនុប្រធានការិយាល័យភូមិបាលស្រុកកោះសូទិន​បានប្រាប់ឱ្យដឹងដែរថាៈ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីជំនាន់នោះចេញដោយ​មន្រ្តីកសិកម្ម មិនមែនចេញដោយមន្រ្តីសុរិយោដីជាផ្លូវច្បាប់ទេ។ ករណីទំនាស់​ទាមទាររំលោភយកដីព្រែកជាកម្មសិទ្ធិខាងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានធ្វើការវាស់វែងជូនប្រជាពលរដ្ឋក្នុងឃុំពាមប្រធ្នោះ ទាំងមូលមានចំនួន ១៣ ភូមិ តាំងពីឆ្នាំ២០១៩ និងបានចែកជូនប័ណ្ណកម្មសិទិ្ធឆ្នំា២០២០។


លោកអនុប្រធានភូមិបាលរូបនេះបានបន្ថែមថាៈ ដោយឡែកនៅក្នុងភូមិទួលធាតុនេះ មានករណីរំលោភយកដីព្រែកធ្វើជាកម្មសិទ្ធិ គឺដីព្រែកជាសម្បត្តិរបស់រដ្ឋ អីចឹងក្រុមការងារមិនអាចវាស់វែងជូនបុគ្គលណាមួយបានទេ។ ដោយទីតាំងកំពុងឈរជើងនេះ តាមលក្ខណៈបច្ចេកទេស វាជាព្រែកមួយ ហូរកាត់ពីទន្លេមេគង្គមកដល់ទីតាំងស្ពានព្រែកទួលធាតុមានចម្ងាយប្រមាណ ១.០០០ ម៉ែត្រ និងពីស្ពាននេះដល់ដីចម្ការប្រជាពលរដ្ឋមានចម្ងាយជាង ៤០០ ម៉ែត្រ។


លោកបានបន្តថាៈ នៅអមសងខាងព្រែកនេះចាប់ពីទន្លេមេគង្គដល់ចម្ការ​ប្រជាពលរដ្ឋគ្មានអ្នកមករំលោភបំពានយកដីព្រែកដែលមានទទឹង ៥០ ម៉ែត្រ គឺប្រើប្រាស់រួមគ្នា ដូចជាការប្រើប្រាស់ទឹកជាដើម។ ផ្ទុយពីឈ្មោះ ណូ ស៊ីណៃ នេះទេ គឺបានរំលោភយកទាមទារជាកម្មសិទ្ធិទំហំផ្ទៃព្រែកទទឹង ៥០ ម៉ែត្រ និងបណ្តោយជាង ១០០ ម៉ែត្រ សង់របងបង្គោលថ្ម ព័ទ្ធបន្លាលួស មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់ទឹកឡើយ ដែលបង្កឱ្យមានការស្នើសុំពីប្រជាពលរដ្ឋចំនួន ២៦ គ្រួសារ មកអាជ្ញាធរជួយអន្តរាគមន៍បើករុះរបងចេញ និងសុំប្រើប្រាស់ទឹកព្រែក។

លោក សៀត សូត ជាអភិបាលរងស្រុកកោះសូទិនទទួលបន្ទុកទំនាស់មូលដ្ឋានឱ្យដឹងថាៈ នេះជាករណីទំនាស់រវាងប្រជាពលរដ្ឋមួយគ្រួសារ និងប្រជាពលរដ្ឋ ២៦ គ្រួសារ កើតឡើងតាំងពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ។ ដោយភាគីខាងប្រជាពលរដ្ឋ ២៦ គ្រួសារបានស្នើសុំឱ្យខាងអាជ្ញាធរជួយអន្តរាគមន៍ទៅខាងភាគីមួយគ្រួសារមានឈ្មោះ ណូ ស៊ីណៃ ធ្វើការបើករុះរើរបងចេញពីលើដីមាត់ព្រែកទួលធាតុ ដើម្បីឱ្យពួកគាត់ទាំង ២៦ គ្រួសារបានប្រើប្រាស់ទឹកដូចដើមឡើងវិញ។

លោកអភិបាលរងបានបន្តថាៈ ប៉ុន្តែការដោះស្រាយ និងសម្រសម្រួល រវាងភាគីទាំងពីរ នៅចំពោះមុខអាជ្ញាធរឃុំ និងស្រុកច្រើនលើកច្រើនសា គឺមិនចុះសម្រុងគ្នា ដោយភាគី ណូ ស៊ីណៃ គាត់មិនយល់ព្រមតាមការស្នើសុំរបស់ភាគី ២៦ គ្រួសារ គឺមិនព្រមរុះរើរបងចេញ ដោយអះអាងថា ដីទំហំ ៥០ ម៉ែត្រទទឹង និងបណ្តោយជាង ១០០ ម៉ែត្រ ដែលបានធ្វើរបង​ព័ទ្ធយកនេះជាដីកេរ របស់ឪពុកបានទិញបន្តពីម្ចាស់មុនមានពាក្យស្នើសុំកាន់កាប់​ប្រើប្រាស់ដីធ្លី។ បើទោះខាងអាជ្ញាធរប្រាប់ថាដីនេះជាដីព្រែក ដែលជាសម្បត្តិសាធារណៈ​របស់រដ្ឋ ដែលបម្រើផលប្រយោជន៍រួមនៅក្នុងមូលដ្ឋានភូមិឃុំទាំងមូល៕