អន្តរជាតិ

ភាពរំជើបរំជួលក្នុងថ្នាក់ដឹកនាំកំពូលចិនបានបង្កើតជាចម្ងល់ដ៏ចាក់ស្រែសលើការគ្រប់គ្រងអំណាចរបស់លោកប្រធានាធិបតីXi Jinping

ប្រែសម្រួល៖ រតនា

យោងតាមការសង្កេតរបស់អ្នកនិពន្ធព្រឹត្តិបត្រព័ត៌មាន Meanwhile របស់ CNN ក្នុងប្រទេសចិន ដែលបាននិងកំពុងធ្វើការសិក្សាស្វែងយល់ពីការឡើងកម្តៅលើការមិនទុកចិតគ្នារវាងថ្នាក់ដឹកនាំលំដាប់កំពូលៗថាអាចនាំមកនូវផលប៉ះពាល់ជាប្រយោលដល់ស្ថិរភាពពិភពលោក ។

ចាប់តាំអំពីដើមអាណត្តិទី ៣ មក លោក Xi Jinping បានកំណត់បញ្ចូលថ្នាក់ដឹកនាំកំពូលៗទៅក្នុងក្រុមដែលស្មោះត្រង់របស់គាត់ហើយគាត់សង្ឃឹមថានឹងអាចបើកផ្លូវឲ្យគាត់គ្រប់គ្រងអំណាចបានយ៉ាងរលូនស្របតាមចក្ខុវិស័យដ៏អស្ចារ្យរបស់គាត់ក្នុងការដឹកនាំប្រទេសចិន។

តែនៅមិនទាន់បានលើសពីមួយឆ្នាំផងនោះក៏ស្រាប់តែលេចចេញជាព្យុះដ៏រំជើបរំជួលមួយដែលកំពុងធ្វើឱ្យឥស្សរជនក្នុងថ្នាក់ដឹកនាំកំពូលៗរបស់គាត់ដែលកំពុងកាន់អំណាចដែលអ្នកទាំងនោះត្រូវបានជ្រើសរើសដោយដៃរបស់លោក Xi ផ្ទាល់បានបង្កឲ្យមានការសង្ស័យជាហេតុធ្វើឲ្យគាត់វិនិច្ឆ័យនិងសម្រេច ដកទំនុកចិត្តបង្កឲ្យមានភាពជ្រួលច្របល់ផ្ទៃក្នុងរវាងថ្នាក់ដឹកនាំចិនកំពូលៗធ្វើឲ្យអន្តរជាតិមានចម្ងល់ចំពោះអភិបាលកិច្ចរបស់គាត់។ -នៅក្នុងខណៈពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនិងកំពុងឡើងកម្តៅក្នុងការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយជាមួយ សហរដ្ឋអាមេរិកលើឆាកអន្តរជាតិ។

ជាក់ស្តែងគ្រាន់តែនៅក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ សមាជិកជាន់ខ្ពស់ពីររូបក្នុងគណៈរដ្ឋមន្ត្រីចិន ដែលជាដៃគូសន្ទនាដ៏សំខាន់ជាមួយនិងអន្តរជាតិត្រូវបានបាត់ខ្លួនដោយអាថ៏កំបាំងបំផុត។ ថ្មីៗនេះលោករដ្ឋមន្ត្រីការពារជាតិ Li Shangfu មិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាងបីសប្តាហ៍មកហើយ ដែលគេដាក់ការសង្ស័យថាគាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ នៅប៉ុន្មានសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេស Qin Gang ក៏ត្រូវបានបណ្តេញចេញពីតំណែងដោយស្ងៀមស្ងាត់ផងដែរបន្ទាប់ពីគាត់បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈអស់រយៈពេលជាងមួយខែ។

អវត្តមានរបស់ពួកគេកើតឡើងនៅចំពេលដែលលោក Xi កំពុងធ្វើការលុបបំបាត់ការគំរាមកំហែងចេញពីផ្ទៃក្នុងនិងដើម្បីពង្រឹងសន្តិសុខជាតិក្នុងខណៈពេលដែលមានភាពតានតឹងកាន់តែកើនឡើងជាមួយនិងប្រទេសលោកខាងលិច។

ទាំងលោក Li និងលោក Qin បានបម្រើការក្នុងចំណោមទីប្រឹក្សារដ្ឋទាំងប្រាំរូបរបស់ប្រទេសចិន ដែលជាតំណែងជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីដែលមានឋានៈខ្ពស់ជាងរដ្ឋមន្ត្រីធម្មតា។ លោក Li ក៏អង្គុយលើតំណែងគណៈកម្មាការយោធាកណ្តាល ដែលជាស្ថាប័នដ៏មានឥទ្ធិពលមួយស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់របស់លោក Xi ក្នុងការបញ្ជាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន។

ស្របពេលជាមួយគ្នានេះក៏មានការដកតំណែងលោកឧត្តមសេនីយកំពូលៗចំនួនពីររូបទៀតផងដែរដែលធ្វើឲ្យមានការរំជើបរំជួលនៅក្នុងជួកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន ដែលជាអង្គភាពវរជនបង្កើតឡើងដោយលោក Xi ផ្ទាល់ដើម្បីធ្វើទំនើបកម្មសមត្ថភាពកាំជ្រួចនុយក្លេអ៊ែររបស់ចិនហេតុការទាំងនេះបង្កឲ្យមានការព្រួយបារម្ភថានឹងមានការបោសសម្អាតផ្ទៃក្នុងយ៉ាងទូលំទូលាយនៅក្នុងស្ថាប័នយោធាចិន។

រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់លោក Xi កំពុងតែស្ថិតនៅក្នុងសភាពអាប់អួដ៏គួឲ្យភ័យខ្លាច បានចេញមកធ្វើការបកស្រាយជាសាធារណៈដ៏តិចតួចបំផុតចំពោះការរុះរើថ្នាក់ដឹកនាំក្នុងគណៈរដ្ឋមន្ត្រីជាបន្តបន្ទាប់ ហើយក៏មិនបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការបោសសម្អាតផ្ទៃក្នុងដែលគេបានកត់សំគាល់ឃើញថាបានចាប់ផ្តើមផ្ទុះរាលដាលចាប់តាំងពីពេលនោះមក។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថាលោក Qin ត្រូវបានបក្សកុម្មុយនិស្តចិនស៊ើបអង្កេតរកឃើញថាមានជាប់ពាក់ព័ន្ធក្នុងរឿងអាពាហ៍ពិពាហ៍ក្រៅច្បាប់ ខណៈពេលដែលគាត់កំពុងបម្រើការជាឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំទីក្រុងវ៉ាស៊ីនតោន។ ក្រសួងការបរទេសចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយលំអិតលើរបាយការណ៍នេះទេ។

គេសង្តេតឃើញថាខ្វះតម្លាភាពលើការរុះរើតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះដែលធ្វើឲ្យខូចមុខមាត់ប្រទេសលើឆាកអន្តរជាតិដែលទីក្រុងប៉េកាំងបានចាត់ទុកថាជានយោបាយគំរូរបស់ខ្លួនទៅវិញសម្រាប់ធ្វើមានស្ថិរភាព និងប្រសិទ្ធភាពជាងលទ្ធិប្រជាធិបតេយ្យរបស់ក្រុមប្រទេសលោកខាងលិច។

ភាពមិនប្រាកដប្រជាដែលកំពុងកើនឡើងកម្តៅនៅក្នុងចំណោមឥស្សរជនជាន់ខ្ពស់ចិនដែលកំពុងអង្គុយក្នុងអំណាចបានបង្ហាញឲ្យឃើញអំពីភាពដែលងាយរងគ្រោះរបស់ពួកគេក្នុងការគ្រប់គ្រងអំណាចក្រោមប្រព័ន្ធដឹកនាំរបស់បក្សតែមួយរបស់ខ្លួន ដែលជាប្រព័ន្ធអំណាចប្រមូលផ្តុំរបស់លោក Xi ផ្ទាល់នៅក្នុងអាណត្តិទីបីរបស់គាត់។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរីលោក Drew Thompson បាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិនពិតជាបានឆ្លុះបញ្ចាំងពីហានិភ័យផ្នែកនយោបាយដ៏ធំធេងសម្រាប់ទីក្រុងប៉េកាំង” ។

“ហានិភ័យនយោបាយនេះគឺស្ថិតនៅលើរូបលោក Xi Jinping ផ្ទាល់ចំពោះទំនាក់ទំនងរបស់គាត់ជាមួយថ្នាក់ក្រោមបង្គាប់របស់គាត់ដែលគាត់ជាអ្នកតែងតាំងដោយផ្ទាល់ហើយរំលងច្បាប់បញ្ញត្តិនិងបទដ្ឋាននាៗដែលជាការគ្រប់គ្រងក្នុងប្រព័ន្ធអំណាចប្រមូលផ្តុំរបស់លោក Xi ផ្ទាល់តែម្តង “។

​រដ្ឋមន្ត្រី​ការពារជាតិ ដែល​មាន​តួនាទី​យ៉ាង​សំខាន់នៅ​ក្នុង​ប្រព័ន្ធសន្តិសុខជាតិរបស់​ចិន លោក Li មិន​បាន​បញ្ជា​កង​កម្លាំង​ប្រយុទ្ធ​ទេ។ អ្នកស្រាវជ្រាវនៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីលោក James Char បាននិយាយថា គាត់គឺជាអ្នកដែលមានមុខមានមាត់ដ៏សំខាន់ក្នុងទំនាក់ទំនងការទូតយោធារបស់ប្រទេសចិនលើឆាកអន្តរជាតិ។

លោកបាននិយាយថា “បើលោក Li Shangfu មានបញ្ហានោះទីក្រុងប៉េកាំងនឹងត្រូវបានគេកត់សម្គាល់ថាការដកតំណែងសមាជិកក្រុមប្រឹក្សារដ្ឋពីររូបនេះក្នុងអាណត្តិទីបីរបស់លោក Xi Jinping” ពិតជាមានភាពអវិជ្ជមានយ៉ាងខ្លាំងលើការដឹកនាំរបស់គាត់ ។

ក្នុងខណៈដែលលោក Li ត្រូវបានដំឡើងតំណែងនៅក្នុងខែមីនាមកគាត់បានធ្វើដំណើរពីរដងទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបសមភាគីរុស្ស៊ីហើយក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសបេឡារុសនៅទីក្រុង Minsk និងបានចាប់ដៃជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងសន្និសីទសន្តិសុខអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរី។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក Li ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ខកខាន​បំពេញ​ការងារការ​ទូត​ជា​បន្តបន្ទាប់ រួម​មាន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ការពារ​ព្រំដែន​ជាមួយ​មន្ត្រី​វៀតណាម និង​កិច្ច​ប្រជុំ​ជាមួយ​មេទ័ព​ជើងទឹក​សិង្ហបុរី​នៅ​ទីក្រុង​ប៉េកាំង។

ប៉ុន្តែ​អ្នកជំនាញ​បាន​កត់​សម្គាល់ថា​អវត្តមាន​ដ៏​អាថ៌កំបាំង​របស់​លោក Li គឺពាក់ព័ន្ធនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សាស្ថិរភាព​ទំនាក់ទំនងរវាង​អាមេរិក និង​ចិន។

លោក Li ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅឆ្នាំ ២០១៨ ជុំវិញការទិញអាវុធពីរុស្ស៊ីរ ហើយទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតថាមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកជួបជាមួយលោក Li ទេ លុះត្រាតែទណ្ឌកម្មត្រូវបានលុបចោល។

បើលោក Li ត្រូវបានដកចេញពីតំណែងនោះគឺជាការបើកឱកាសដល់ថ្នាក់ដឹកនាំប្រទេសចិនបន្តកិច្ចចរចាយោធារវាងប្រទេសមហាអំណាចទាំងពីរ។

  • “លោក ស៊ី មិនអាចជៀសផុតពីការស្តីបន្ទោស”

ការធ្លាក់ចុះនូវសក្តានុពលរបស់ក្រុមអ្នកស្មោះត្រង់ផ្ទាល់របស់លោក Xi នឹងឆ្លុះបញ្ចាំងយ៉ាងអាម៉ាស់បំផុតសម្រាប់គាត់ជាមេដឹកនាំកំពូល ដែលបានខិតខំប្រមូលផ្តុំអំណាចដើម្បីងាយស្រួលធ្វើការសម្រេចចិត្តនៅក្នុងដៃរបស់គាត់ដែលគេស្មានមិនត្រូវនៅក្នុងរយះពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។

អតីតនិពន្ធនាយកនៃកាសែតបក្សកុម្មុយនិស្តចិនលោក Deng Yuwen ឥឡូវនេះរស់នៅក្នុងសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “សមាជិកក្រុមប្រឹក្សារដ្ឋពីររូបដែលត្រូវបានតែងតាំងដោយលោក Xi បានជួបបញ្ហាក្នុងរយៈពេលប្រាំមួយខែ ទោះបីជាអាជ្ញាធរព្យាយាមការពារយ៉ាងណាក៏ដោយ លោក Xi មិនអាចគេចផុតពីការស្តីបន្ទោសបានទេ”។

“ហើយនឹងមានចោទជាសំណួរថាតើនៅក្នុងគណបក្សមនុស្សប្រភេទណាដែលគាត់បានសម្រេចតែងតាំងសម្រាប់មុខតំណែងសំខាន់ៗទាំងនះ” ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានប្រៀបធៀបជួរគណៈរដ្ឋមន្ត្រីរបស់លោក Xi ទៅនឹងប្រលោមលោករបស់ Agatha Christie ដែលមានចំណងជើងថា “And Then Were None” ប្រែថា “នៅគ្រាចុងក្រោយមិនមាននៅសល់អ្វីទេ“។

“តើអ្នកណាជាអ្នកឈ្នះក្រោយការដកបញ្ឈរជើងមន្រ្តីសំខាន់ៗទាំងនេះ? ប្រជាជនចិន ឬគណៈរដ្ឋមន្ត្រីរបស់ស៊ី? លោកឯកអគ្គរដ្ឋទូត​បាន​សរសេរ​នៅ​លើ X ដែល​ជា​វេទិកា​រពេញនិយម​លើ Twitter។

ប្រទេស​ចិន​កំពុង​ប្រយុទ្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ ចាប់​តាំង​ពី​អត្រា​អត់​ការងារ​ធ្វើ​របស់​យុវជន និង​បំណុល​រដ្ឋាភិបាល​ក្នុង​តំបន់​កើនឡើង​រហូត​ដល់​វិបត្តិ​អចលនទ្រព្យ​ដែល​កំពុង​កើនឡើង។

មូលនិធិការពារលទ្ធិប្រជាធិបតេយ្យនៅវ៉ាស៊ីនតោនឌីស៊ីបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់ដែលកំពុងកើនឡើងនៅក្នុងការកាន់អំណាចរបស់លោក Xi បង្កជាហានិភ័យដល់វិបត្តិទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

សមាជិកជាន់ខ្ពស់របស់ប្រទេសចិនលោក Craig Singleton បានមានប្រសាសន៍ថា “ការបោសសម្អាតផ្ទៃក្នុងចុងក្រោយបំផុតរបស់លោក Xi បានគូសបញ្ជាក់នូវជំហររបស់គាត់ដែលថា ការរួមផ្សំគ្នាខាងមនោគមវិជ្ជា មិនមែនជាការធ្វើសេដ្ឋកិច្ច ឬក៏ជាការយល់ដឹងលើសមត្ថភាពយោធានោះទេតែគឺជាការពង្រឹងមូលដ្ឋានគ្រឹះនៃការដឹកនាំប្រទេសមួយ ដែលធ្លាប់មានជាមេរៀនធ្វើឲ្យគាត់ដកពិសោធន៏ពីការដួលរលំរបស់សហភាពសូវៀត” ។

“ការដកតំណែងរបស់លោក Li ប្រហែលជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរដ្ឋរបស់ប្រទេសចិននោះទេ ប៉ុន្តែវាពិតជាបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហគមន៍ធុរកិច្ចអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងអំណាចរបស់គណបក្ស និងការថយចុះនូវតម្លាភាពក្នុងប្រទេសចិន”។

  • ការប្រយុទ្ធប្រឆាំងអំពើពុករលួយ

លោក Li ដែលជាមេដឹកនាំយោធាមានអាយុ ៦៥ ឆ្នាំបានគ្រប់គ្រងកន្លែងបាញ់បង្ហោះផ្កាយរណបដ៏សំខាន់មួយរបស់ប្រទេសចិននៅក្នុងខេត្ត Sichuan ភាគនិរតីបានឡើងឋានៈជានាយកគ្រប់គ្រងស្ថាប័នរដ្ឋមួយនេះ។

បន្ទាប់ពីបានក្លាយជានាយកគ្រប់គ្រងអស់ពីរបីទសវត្សរ៍នៅមជ្ឈមណ្ឌលបាញ់បង្ហោះ គាត់ត្រូវបានដំឡើងឋានៈឲ្យធ្វើការនៅក្នុងទីស្នាក់ការកណ្តាលរបស់ PLA លើផ្នែកសព្វាវុធក្នុងឆ្នាំ ២០១៣ ភ្លាមៗបន្ទាប់ពីលោក Xi បានឡើងកាន់អំណាច។

Li ត្រូវបានគេជឿថាជាកងការការពាររបស់ឧត្តមសេនីយ Zhang Youxia ដែលជាមិត្តភក្តិតាំងពីកុមារភាពរបស់លោក Xi និងជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតនៅក្នុងជួរយោធា។ នៅក្នុងភាពលេចធ្លោរបស់គាត់ លោក Zhang ត្រូវបានដំឡើងឋានៈជាអនុប្រធានទីមួយនៃគណៈកម្មការយោធាមជ្ឈិម (CMC) នៅក្នុងកំឡុងពេលរុះរើថ្នាក់ដឹកនាំកាលពីខែតុលា បើទោះបីជាបានឆ្លងផុតអាយុចូលនិវត្តន៍ក្រៅផ្លូវការក៏ដោយ។

ចាប់ពីឆ្នាំ ២០១៧ដល់ឆ្នាំ ២០២២លោក Li ទទួលបន្ទុកលើការទិញអាវុធរបស់ប្រទេសចិន ជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍បរិក្ខាររបស់ CMC ដែលជាមុខតំណែងដែលលោក Zhang ធ្លាប់បានកាន់ពីមុនមក។

នៅខែកក្កដា ប៉ុន្មានថ្ងៃមុនពេលឧត្តមសេនីយកំពូលទាំងពីរនៅ Rocket Force ត្រូវបានដកចេញភ្លាមៗ នាយកដ្ឋានអភិវឌ្ឍន៍បរិក្ខារបានប្រកាសការបង្ក្រាបថ្មីលើការអនុវត្តលទ្ធកម្មពុករលួយ ដោយអំពាវនាវឲ្យមានការណែនាំអំពីសកម្មភាពដែលគួរឲ្យសង្ស័យដែលមានតាំងពីឆ្នាំ ២០១៧ស្របពេលដែលលោក Li បានចូលកាន់តំណែង។

ចាប់តាំងពីឡើងកាន់អំណាចមក លោក Xi បានអនុវត្តយុទ្ធនាការប្រឆាំងអំពើពុករលួយឥតឈប់ឈរ ដោយចាប់បានមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍រាប់រយនាក់ និងកម្មាភិបាលថ្នាក់ក្រោមរាប់លាននាក់ថែមទៀតផង។

“បើយើងក្រឡេកមើលទៅក្រោយក្នុងរយៈពេល ១០ ឆ្នាំ លោក Xi Jinping នៅតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ គាត់នៅតែប្រយុទ្ធនឹងភាពមិនស្មោះត្រង់។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជាតិសិង្ហបុរីលោក Thompson បាននិយាយថា គាត់នៅតែមានការព្រួយបារម្ភអំពីភាពស្មោះត្រង់របស់កងទ័ពចំពោះគណបក្ស។

“គឺជាបញ្ហាមូលដ្ឋានចំបងនៅក្នុងអភិបាលកិច្ចរបស់ទីក្រុងប៉េកាំង។ កង្វះខាតក្នុងការត្រួតពិនិត្យ និងសមតុល្យលើការពឹងផ្អែកខ្លាំងសម្រាប់ការគ្រប់គ្រងរបស់គណបក្សពីលើចុះក្រោមដែលមិនមានការលើកទឹកចិត្តចំពោះពួកគេដែលខិតខំព្យាយាមបំរើការងារដោយឥតឈប់ឈរនោះទេ។

  • ‘ការបោសសម្អាតបែបនេះនឹងបន្តឡើងកម្តៅ’

ទោះបីជាលោក Xi Jinping មានអំណាចច្រើនជាងមេដឹកនាំចិនដទៃទៀតនៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏លោក Xi នៅតែធ្វើឲ្យមានការធ្លាក់ចុះទ្វេដងលើយុទ្ធនាការពង្រឹងអំណាចរបស់លោកនៅក្នុងបក្ស និងយោធា។

​ជុំវិញ​ករណី​បាត់​ខ្លួន​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក Xi បាន​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម និងរក្សា​ស្ថិរភាព​ក្នុង​ជួរ​យោធានៅអំឡុង​ពេល​ធ្វើ​អធិការកិច្ច​នៅ​ភាគ​ឦសានរបស់​ប្រទេស​ចិន។

លោក Thompson បាននិយាយថា “ការខ្វះទំនុកចិត្តផ្នែកនយោបាយរវាងបុគ្គលនៅក្នុងប្រព័ន្ធ គឺជាកត្តាជំរុញឲ្យុមានយុទ្ធនាការនេះឡើង” ។

លោក Xi មិនមែនជាមេដឹកនាំចិនតែម្នាក់គត់ ដែលបានងាកមកប្រឆាំងនឹងអ្នកជំនិតរបស់គាត់នោះទេ នៅក្រោយពេលដែលគាត់ទទួលបានអំណាចដែលមិនអាចប្រៀបផ្ទឹមបាន។ លោកប្រធានម៉ៅ សេទុង ដែលជាបិតាស្ថាបនិករបស់កុម្មុយនិស្តចិន និងជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមុនលោក Xi ក៏ធ្លាប់បានបោសសម្អាតមិត្តដែលនៅជុំវិញខ្លួនគាត់ដែលធ្លាប់ទុកចិត្តនៅក្នុងបដិវត្តន៍វប្បធម៌អស់ជាច្រើននាក់ផងដែរ។

អ្នកជំនាញនៅសាលា S. Rajaratnam School of International Studies លោក Char បានព្រមានថា ភាពរង្គោះរង្គើខាងនយោបាយផ្ទៃក្នុងនេះ មិនប្រាកដថាលោក Xi បាត់បង់ការក្តោបក្តាប់អំណាចនោះទេ។

លោក Char បាននិយាយថា “ជាការពិតគាត់អាចដកនរណាម្នាក់ដែលគាត់ចង់ដកបានបើនិយាយអំពីទំហំនៃការគ្រប់គ្រងអំណាចដែល លោកXi សម្រេចបាន” លោក Char បាននិយាយដូច្នេះ។

ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា ការ​បាត់​ខ្លួន​របស់ Li និង Qin គឺ​ជា​រោគ​សញ្ញា​នៃ​ការ​គ្រប់គ្រង​មជ្ឈិម​បក្ស​តែ​មួយ​នៅ​ក្នុង​ប្រទេស​ចិន។

“ទាល់តែលោក Xi Jinping មានកម្លាំងចិត្តដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយទាំងមូល… ខ្ញុំប្រាកដណាស់ថាការបោសសម្អាតបែបនេះនឹងនៅតែបន្តកើតមានថែមទៀត៕ .

ប្រភព៖ CNN