សន្ដិសុខសង្គម

រថយន្តដឹកអ្នកដំណើរបុកពីក្រោយរថយន្តបែនបង្កឱ្យស្លាប់ម្នាក់ រងរបួស៦នាក់

ដោយ៖វិចិត្រ
សៀមរាប៖រថយន្តដឹកអ្នកដំណើរបើកបុករថយន្តបែនឈប់គ្មានភ្លើងបំភ្លី ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួស៦នាក់។គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា។

មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តដឹកអ្នក ដំណើរម៉ាកស្តារិចផ្លាកលេខសៀមរាប 2B9811។រថយន្តនេះតៃកុងឈ្មោះ អិប បូរាណ អាយុ៣៤ឆ្នាំ នៅភូមិវត្តដំណាក់ ក្រុងសៀមរាប បើកពីសៀមរាបទៅភ្នំពេញ បានរងរបួសធ្ងន់។

មកដល់កន្លែងខាងលើបានបុកចំពីក្រោយរថយន្តធំបែនផ្លាកលេខកំពង់ចាម 3A 38 44 ឈប់ចតអត់មានភ្លើងបំភ្លឺ បណ្តាលឱ្យខាងរថយន្តស្តារិចស្លាប់ម្នាក់ និងអ្នករួមដំណើរចំនួន ៦នាក់បានរងរបួស។ចំណែកអ្នកបើកបររថយន្តបែនបានរត់គេចខ្លួនបាត់។

រីឯអ្នករងរបួសទីលំនៅក្រុងសៀមរាប និងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជួយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ចំពោះរថយន្តទាំង២គ្រឿង ផ្នែកជំនាញបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធី៕