ព័ត៌មានជាតិ

ទឹកភ្លៀងហូរច្រោះខូចផ្លូវជាអន្លើៗប្រវែងជិត៤០គីឡូម៉ែត្រក្នុងស្រុកជាំក្សាន្ត

ដោយ៖វិចិត្រ
ព្រះវិហារ៖ផ្លូវក្រូសក្រហមមួយខ្សែមានប្រវែងជិត៤០គីឡូម៉ែត្រ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវភ្លៀងធ្លាក់ជាបន្តបន្ទាប់នាដើមខែកញ្ញា បានហូរច្រោះដាច់ខូចជាអន្លើៗ។

លោក ហ៊ឹម ហឿន មេឃុំយាងបានឱ្យដឹងថា ផ្លូវដែលរងការខូចខាតចាប់ពីភូមិគងយោង ទៅភូមិជាំស្រែប្រវែង១៤គីឡូម៉ែត្រ-ពីភូមិជាំស្រែទៅភូមិរស្មី ប្រវែង៤គីឡូម៉ែត្រ-ពីភូមិរស្មី ទៅភូមិអន្ទិលប្រវែង៦គីឡូម៉ែត្រ និងពីភូមិអន្ទិលទៅភូមិកំប្រាក់ប្រវែង១២គីឡូម៉ែត្រ សរុបចំនួន៣៦គីឡូម៉ែត្រ។

លោកមេឃុំបានបន្តថា ផ្លូវប្រវែង៣៦គីឡូម៉ែត្រខាងលើនេះ កន្លែងខ្លះត្រូវបានទឹក​ហូរច្រោះដាច់និងនៅកន្លែងខ្លះទៀត ទឹកបានហូរច្រោះខូចជាអន្លើៗ ធ្វើឱ្យលំបាក​ក្នុងការធើ្វដំណើរឆ្លងកាត់។ក្នុងនោះរដ្ឋបាលឃុំអំពាវនាវដល់ពលរដ្ឋដែល​ប្រើប្រាស់ផ្លូវមួយខ្សែនេះសូមប្រុងប្រយ័ត្នផង ព្រោះក្រែងមានគ្រោះថ្នាក់កើតឡើង​ជាយថាហេតុ។

លោក ហ៊ឹម ហឿនបានឱ្យដឹងទៀតថា ផ្លូវមួយខ្សែនេះស្ថិតក្រោមគម្រោងស្ថាបនាដោយ កងវិស្វកម្មក្រសួងការពារជាតិ,មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងថវិកាមូលនិធិ​ឃុំសង្កាត់។

ផ្លូវនេះមានស្ពានធំៗ២កន្លែង ទី១-ស្ពានពីភូមិយាងឆ្លងទៅភូមិជាំស្រែប្រវែង៦០ម៉ែត្រ។ ទី២-ពីភូមិអន្ទិលឆ្លងទៅភូមិកំប្រាក់មានប្រវែង៧០ម៉ែត្រ និងខ្វះលូមុខកាត់ដាក់តាមអូរធំៗ​ជាច្រើនកន្លែងទៀត៕