សន្ដិសុខសង្គម

ជិះម៉ូតូមិនប្រយ័ត្នបុកគោយន្តពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ដោយសុខុម

បាត់ដំបង÷ ជិះម៉ូតូមិនប្រយ័ត្នបានបុកគោយន្តពេញទំហឹងពីក្រោយបណ្តាលឲ្យស្លាប់​យុវជនម្នាក់នៅទីតាំងកើតហេតុ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរដែលផ្តើមឡើងពីការធ្វេសប្រហែសនេះបានកើតឡើងនៅវេលាជាងម៉ោង៨ នាទីយប់ ថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងចំណុច​ភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរខាងលើផ្តើមឡើង​ដោយសារកត្តាខ្វះការប្រុងប្រយ័ត្នទាំងភាគីម៉ូតូបើកបរបោះពួយលឿនទាំងមិនបានគ្រប់​គ្រងស្ថានការណ៍សុវត្ថិភាពនៅខាងមុខ ទាំងភាគីខាងគោយន្តប្រហែសមិនបានដាក់សញ្ញា​ចំណាំងក្រោយរបស់គោយន្តកន្ត្រៃ។

សមត្ថកិច្ចបានឲ្យដឹងថា÷ ជនរងគ្រោះដែលស្លាប់ជាអ្នកបើកបរម៉ូតូមានឈ្មោះរុន ខេម៉ា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិពពឹស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ចំណែកអ្នករួមដំណើរចំនួនពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។

មុនពេលកើតហេតុភាគីជនរងគ្រោះបានជិះម៉ូតូក្នុងទិសដៅស្របទិសគ្នាពីស្រុកមោងឬស្សី ទៅទីប្រជុំជនក្រុងបាត់ដំបង លុះដល់ចំណុចកើតហេតុបានបុកពីក្រោយគោយន្តកន្ត្រៃ​សណ្តោងរ៉ឺម៉ក់មួយ គ្រឿងពេញទំហឹងបណ្តាលឲ្យស្លាប់ និងរបួសពេញផ្លូវ៕