សន្ដិសុខសង្គម

ចាប់បានជនសង្ស័យករណីប្រើកាំបិតវែង កាប់ព្រះសង្ឃឱ្យរងរបួសធ្ងន់

ដោយ៖វិចិត្រ
កំពង់ធំ៖ករណីជនសង្ស័យប្រើកាំបិតវែង កាប់ប៉ងធ្វើឃាតព្រះសង្ឃមួយអង្គ នៅវត្តស្ពឺជើង​ក្នុងខេត្តកំពង់ធំ ហើយរត់គេចខ្លួននោះត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រោយមានហេតុការណ៍កើតឡើង កាលពីរំលង​អធ្រាត្រចូលថ្ងៃទី១៧ ខែកញ្ញា កម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវ​ឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់យកទៅសាកសួរនាល្ងាចថ្ងៃទី១៨ ខែកញ្ញា។ករណីនេះបានកើតឡើងនៅវត្តស្ពឺជើង ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យឈ្មោះ មី ម៉ៃ ជាកូនសិស្សលោក អាយុ២០ឆ្នាំ​ស្នាក់នៅក្នុងវត្ត។ ទីកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។ចំណែកព្រះសង្ឃរងគ្រោះព្រះនាមផាន សុភាក់ មានព្រះជន្ម៣២ឆ្នាំ គង់នៅវត្តខាងលើ។

មុនកើតហេតុ កូនសិស្សនិងសង្ឃមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច។បន្ទាប់មក​ជនសង្ស័យបានទាញកាំបិតវែង កាប់លើសង្ឃចំនួន៤កាំបិត ត្រូវចំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំផួនជើងមួយកាំបិតឱ្យរងរបួសធ្ងន់ ហើយជនដៃដល់ក៏បានរត់គេចខ្លួន។តែសមត្ថកិច្ចបានចាប់ខ្លួនយកកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕