ព័ត៌មានជាតិ

ខេត្តកំពង់ចាមប្តេជ្ញាបិទបញ្ចប់ការវាស់វែងដីធ្លីនៅត្រឹមឆមាសទី១ឆ្នាំ២០២៤

ដោយៈ គង់ហេង
កំពង់ចាម៖ ខេត្តកំពង់ចាម ប្តេជ្ញានឹងបិទបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខណៈចំនួន ក្បាលដីនៅសល់ប្រមាណ ២០ម៉ឺន ក្បាលដី នៃសរុបទូទាំងខេត្តជិតមួយលានក្បាលដី។
នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត នៅថ្ងៃទី ១៩ កញ្ញានេះ។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ ចាប់ផ្តើមធ្វើការវាស់វែងចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះយើងនៅសល់ក្បាលដីចំនួន ប្រាំ ស្រុក គឺបានធ្វើរួចរាល់ចំនួន ប្រាំ ស្រុក ក្រុង។ដោយគិតមកដល់ពេលនេះបានវាស់វែងចុះបញ្ជីក្បាលដី និងប្រគល់ជា ប័ណ្ណកម្មសិទ្ធិចំនួន៧២ម៉ឺន ក្បាលដី។ ប៉ុន្តែក្នុងផែនការរួមកន្លងមក គឺអនុវត្តឱ្យហើយ រួចរាល់ទាំងជាង ៩២ម៉ឺន ក្បាលដីសរុបនៅក្នុងខេត្តត្រឹមឆ្នាំ២០២៣។


លោកបានបន្ថែមថា៖ ការដែលអនុវត្តមានការយឺតយ៉ាវមិនបានតាមផែនដី គឺដោយសារកត្តាច្រើនយ៉ាងមានៈ កត្តាភូមិសាស្រ្តមានលក្ខណៈស្មុគ្រស្មាញ, កត្តាអាកាសធាតុ,ខ្វះមន្រ្តី និងកត្តាប្រជាពលរដ្ឋចូលរួមនៅមានកម្រិត បណ្តាលពីការចំណាកស្រុកទៅក្រៅប្រទេស និងចំណាកស្រុកក្នុងប្រទេស។ បញ្ហានេះមិនអាចរង់ចាំគាត់(អ្នកចំណាកស្រុកក្នុង និងក្រៅប្រទេស)បានទេ គឺត្រូវអញ្ជើញចាស់ព្រឹទ្ធាចារ្យប្រចាំភូមិឱ្យធ្វើសាក្សីថា ក្បាលដីពិតជារបស់អ្នកចំណាក​ស្រុកនោះមែន ហើយទាមទារឱ្យម្ចាស់ដីនៅជុំវិញមកផ្តិតមេដៃ ដើម្បីឱ្យគណៈកម្មការវិនិច្ឆ័យមានការសម្រេច គឺត្រូវការបង្រួមនីតិវិធីដោយមិនចាំបាច់​រង់ចាំម្ខាស់ក្បាលដីពិតប្រាកដទៀតទេ។

លោកបានបន្តថា៖ ផែនការរបស់រដ្ឋបាលខេត្ត គឺត្រូវធ្វើយ៉ាងណាការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ចាមឱ្យហើយរួចរាល់ នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ និងដើម្បីឱ្យខេត្តជាប់ដងទន្លេមេគង្គមួយនេះក្លាយជាខេត្តគំរូ​ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស។

ការប្តេជ្ញា​របស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ដែលថា នឹងបិទបញ្ចប់​ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចេញជាប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ធ្វើឡើង ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួម​ចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ចំនួន ៩៣៧ ប័ណ្ណជូន​ប្រជាពលរដ្ឋចំនួន ៤១២ គ្រួសារនៅភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស នៅថ្ងៃទី ១៩ កញ្ញានេះ៕