សន្ដិសុខសង្គម

កំពុងរកចាប់តៃកុងរថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់

ដោយ៖វិចិត្រ
ភ្នំពេញ៖សមត្ថកិច្ចកំពុងរកចាប់តៃកុងរថយន្តបើកបុកជាមួយម៉ូតូម៉ាកប៊ីត មកពីមុខ ពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរនេះបានកើតឡើង ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ផៃ ឡាភីន អាយុ២៦ឆ្នាំ នៅភូមិប្រធាតុ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាប៊ីតផ្លាកលេខកំពង់ចាម 1AD-8939តាមផ្លូវជាតិលេខ៤ពីលិចទៅកើត។មកដល់កន្លែងខាងលើក៏បត់ឆ្វេងឆ្លងផ្លូវ។

ពេលនោះមានរថយន្តម៉ាកសាំយ៉ុងមកពីមុខក៏បុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យ អ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាម។ចំណែករថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ បានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ។ចំពោះរថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ យកមកចាត់ការតាមច្បាប់៕