សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យប្តីស្លាប់ ប្រពន្ធនិងកូនរងរបួសធ្ងន់

ដោយ៖វិចិត្រ
កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរដោយរថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យប្ដីស្លាប់ភ្លាម រីឯប្រពន្ធនិងកូនរងរបួសធ្ងន់។ហេតុការណ៍នេះនៅតាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិតាងៅ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាក HINO ផ្លាកលេខកំពង់ស្ពឺ 3A9917 បើកបរដោយឈ្មោះ កែន ចិន អាយុ ៣៨ឆ្នាំ នៅភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ​ខេត្តកំពង់ស្ពឺ រថយន្តបើកពីជើងទៅត្បូង។ក្នុងនោះមានប្រពន្ធនិងកូនរួមដំណើរ ឈ្មោះ ណែម ស្រីមុំ អាយុ២៩ឆ្នាំនិងឈ្មោះ កើត ដាណៃ អាយុ៥ឆ្នាំ ។

មកដល់កន្លែងខាងលើរថយន្ដបានបុកជាមួយម៉ូតូម៉ាក STR គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សណ្ដែន រឿន អាយុ៣៨ឆ្នាំ នៅភូមិពីរី ឃុំភារី ស្រុកបសេដ្ឋ បណ្តាលឱ្យស្លាប់ភ្លាម។ចំណែកប្រពន្ធនិងកូនប្រុសរងរបួសធ្ងន់។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ចំពោះមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីបន្តនីតិវិធី៕