សន្ដិសុខសង្គម

ប្ដីប្រពន្ធកំពុងច្រូតស្មៅនៅវាលស្រែរន្ទះបាញ់ចំស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ដោយ៖វិចិត្រ

ស្វាយរៀង៖ប្ដីប្រពន្ធកំពុងច្រូតស្មៅនៅវាលស្រែ ត្រូវរន្ទះបាញ់ចំបណ្តាលឱ្យប្រពន្ធស្លាប់ ចំណែកប្តីរងរបួសធ្ងន់។ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើង ស្ថិតនៅភូមិ ទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះជូ សុវណ្ណដារា អាយុ៣៥ឆ្នាំ។ រីឯប្តី ឈ្មោះពៀន រ៉ា អាយុ៣២ឆ្នាំ ជាកសិករ នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល។មុនកើតហេតុ ប្ដីនិងប្រពន្ធបាននាំគ្នាជិះម៉ូតូទៅច្រូតស្មៅនៅឯវាលស្រែខាងក្រោយផ្ទះ ចម្ងាយ២០០ម៉ែត្រទុកឱ្យគោស៊ី។

មួយសន្ទុះក្រោយមកមេឃក៏ងងឹតនិងមានភ្លៀងរលឹមស្រិចៗ ។ពេលនោះស្រាប់តែរន្ទះ បានបាញ់ឡើង អ្នកភូមិក៏រត់រកកន្លែងជ្រករៀងៗខ្លួន។ក្រោយពីរាំងភ្លៀងមានការភ្ញាក់ផ្អើល ដោយគេឃើញប្ដីប្រពន្ធដួលដេកលើវាលស្រែ ទើបអ្នកភូមិនាំគ្នាជួយដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ប៉ុន្តែអកុសលប្រពន្ធបានស្លាប់ ចំណែកប្ដីរងរបួសធ្ងន់ ត្រូវយកបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕