សន្ដិសុខសង្គម

ចាប់ជនសង្ស័យបានម្នាក់ទៀត ករណីកាប់ជនបរទេសនៅសួនច្បារមាត់ទន្លេ

ដោយ៖វិចិត្រ

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវ ចាប់ជនសង្ស័យម្នាក់ទៀតករណីកាប់ជនបរទេសនៅម្តុំ សួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា។


សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលខណ្ឌបានចុះចាប់ ជនដៃដល់ម្នាក់រួមទាំងកាំបិតប៉័ងតោ ដែលលាក់ទុកក្នុងធុងសំរាមក្បែរកន្លែងកើតហេតុ។ជនសង្ស័យឈ្មោះ អ៊ួន សុខពៅ អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំកន្លែងផ្ញើម៉ូតូក្បែររបងវត្ត ឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

បន្ទាប់មកថ្ងៃទី១៧ ខែកញ្ញា នៅមុខបុរីវិមានភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ សមត្ថកិច្ចបានតាមចាប់ជនសង្ស័យម្នាក់ទៀតឈ្មោះ ញឹម ម៉ៅ អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងវត្តសារ៉ាវន្តតេជោ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ មុនកើតហេតុ ជនល្មើស៣នាក់បានប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះ បុរសជនជាតិអូស្ត្រាលីម្នាក់ អាយុជាង៥០ឆ្នាំ បណ្តាលឱ្យរងរបួសដៃឆ្វេង។សមត្ថកិច្ចចាប់បាន២នាក់ជាបន្តបន្ទាប់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ផ្នែកនគរបាលជំនាញខណ្ឌដូនពេញ កំពុងកសាងសំណុំ រឿងបញ្ជូនបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់បក្ខពួកម្នាក់ទៀត យកមក ចាត់ការតាមច្បាប់៕