ព័ត៌មានជាតិ

ក្រុមជួសជុលនៃអាជ្ញាធរជាតិអប្សរា បានរកឃើញមានការសាងសង់ខឿនពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន

អត្ថបទ៖ ឆាយ ផាន់នី

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់​រចនាសម្ពន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំង​ខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។

                    (រូបភាព៖ លោក យី សុថា/លោក ភោគ ជា/លោក អូលីវីយេ គុណាំង)

ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេស​ជួសជុល​ខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿន​ប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន ដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងកំឡុង​ពេលសាងសង់នោះផង។

ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមាន​ក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាងសង់​ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។

ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។ កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទ​បុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នក​សិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបាន​ស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារ​ឱ្យអ្នក​ស្រាវជ្រាវជំនាន់ក្រោយ៕

(រូបភាព៖ លោក យី សុថា/លោក ភោគ ជា/លោក អូលីវីយេ គុណាំង)