ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ការចុះបញ្ជីដីធ្លីគឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

ដោយ៖ គង់ហេង
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចានដា បានថ្លែងថា ការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីដែលនឹងជំរុញឱ្យការប្រើប្រាស់ឱ្យការ​ប្រើប្រាស់ដីឱ្យអស់ពីសក្តានុពល ដែលនឹងឈានទៅកាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋ។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងការដែលលោកបានដឹកនាំ​សហការី មន្រ្តី នៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦៥០ ក្បាលដី នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន កាលពីថ្ងៃទី ១៥ កញ្ញាម្សិលមិញនេះ។

លោកសូមបញ្ជាក់ជូនថា៖ ក្បាលដីដែលបងប្អូនបានចុះបញ្ជីនៅក្នុងសៀវភៅ​គោលបញ្ជីដីធ្លី និងទទួលបានកម្មសិទ្ធិនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ​ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើ​ប្រាស់ប័ណ្ណដីធ្លី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើម ទុនមក​ប្រើប្រាស់​សម្រាប់ធ្វើអាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។

លោកបានបញ្ជាក់ទៀតថា៖ ដូច្នេះការចុះបញ្ជីដីធ្លីគឺជាការពង្រឹង សុវត្ថិភាពនៃ​ការកាន់កាប់ដីធ្លីដែលនឹងជំរុញការប្រើប្រាស់ដីអោយអស់សក្ដានុពល ហើយកត្តានេះ​ពិតជានឹងកាត់បន្ថយភាពក្រីក្រដែលជាគោលដៅចុងក្រោយនៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់បន្តថា៖ ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលនៅថ្ងៃនេះ គឺជាឯកសារមួយ​សំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងអោយសិទ្ធិ នៃកម្មសិទ្ធិដែលជាសិទ្ធិផ្តាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់និង​អាស្រ័យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតក​ទៅអោយកូន ចៅដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះ សុំរក្សាប័ណ្ណ​កម្មសិទ្ធិនេះអោយបានល្អបំផុត ៕