សន្ដិសុខសង្គម

រកមូលហេតុឆេះសណ្ឋាគារជាន់ទី៩មួយនៅក្រុងប៉ោយប៉ែតមិនទាន់ឃើញ

ដោយ:សុខុម
បន្ទាយមានជ័យ:អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើសណ្ឋាគារជាន់ទី៩ ឈ្មោះមីង ឌូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត វេលាម៉ោង​៩និង៣០ នាទីយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២៣។


បន្ទាប់ពីមានហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោក​៩១១,៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់។


ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញដឹកនាំ​ក្រុមការងារចុះត្រួតពិនិត្យទីតាំងកើតហេតុ ភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា​ចំពោះមុខ ធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធភាព មិនរាលដាលបន្ត។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏បានសហការជាមួយម្លាំងកង​រាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុមហ៊ុនកាស៊ីណូនៅជាយដែន និង អាជ្ញាធរថៃ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះ មួយចំនួនមកជួយកន្លែង​កើតហេតុផងដែរ។

ដោយមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធ បានទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅ​វេលាម៉ោង១០:៣០នាទីយប់ថ្ងៃដដែល។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យ​ជនណាម្នាក់បាត់បង់ជីវិតឬរបួសឡើយ៕