សេដ្ឋកិច្ច

មានឈ្មួញនៅខេត្តស្ទឹងត្រែងរត់ការឈើពីព្រៃឡង់ស្រុកសៀមបូកទៅខេត្តក្រចេះ

ដោយ៖សុខុម

ស្ទឹងត្រែង៖បទល្មើសដឹកជញ្ជនឈើក្រហមចេញពីព្រៃឡង់ស្រុកសៀមបូកខេត្តស្ទឹងត្រែងតាមទូកជាច្រើនគ្រឿងឆ្ពោះទៅកាន់កោះខ្ញែនិងភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេងប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការទេ។ផ្ទុយទៅវិញសមត្ថកិច្ចនៅតាមមូលដ្ឋានហាក់សង្ងំទុកបទល្មើសជាឆ្នាំងបាយរបស់ខ្លួន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងចូលដឹកឈើដែលគេទំលាក់នៅមាត់កំពង់នៅពេលយប់នៅកោះខ្ញែនិងភូមិខ្សាច់លាវឃុំអូរគ្រៀង។

ទូកដឹកឈើទាំងនោះគឺចូលទៅដឹកជញ្ជូនឈើដែលគេយកពីព្រៃឡង់តាមគោយន្តមកទម្លាក់នៅតាមផ្ទះអ្នកស្រុកភូមិអូរឡង់ឃុំសៀមបូកស្រុកសៀមបូរខេត្តស្ទឹងត្រែង។ក្រោយពីឈ្មួញលាក់មុខម្នាក់ប្រចាំសៀមបូករត់ការរួចរាល់ហើយគេក៏ចាប់ផ្ដើមប្រមូលដឹកជញ្ជូនឈើដាក់តាមទូកបន្តឲ្យរថយន្តសាំយ៉ុងដែលរង់ចាំនៅកោះខ្ញែនិងភូមិសាច់លាវ។

ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញលាក់មុខនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងនោះអ្នកណាក៏ស្គាល់ដែរ។ មេឈ្មួញរត់ការលាក់មុខនោះជាមនុស្សពូកែអែបអបសមត្ថកិច្ចនិងអ្នកមានបុណ្យស័ក្តិក្នុងខេត្តស្ទឹងត្រែង។មិនតែប៉ុណ្ណោះលុយដែលបានពីបទល្មើសខុសច្បាប់តែងតែទៅស៊ីចាយផឹកស៊ីចេញមុខចេញមាត់ជួយដល់សង្គម។មន្ត្រីតូចតាចមិនហ៊ានបង្ក្រាបដោយយល់ថាអ្នករត់ការឈើរូបនេះមានខ្នងបង្អែកធំណាស់នៅខេត្តស្ទឹងត្រែង។ចំណែកឈ្មួញដែលមកដឹកជញ្ជូនពីស្រុកសៀមបូកខេត្តស្ទឹងត្រែងទៅក្រចេះនៅតំបន់ខ្សាច់លាវនោះក៏គេស្គាល់ដែរ។

ឈើដែលប្រមូលចេញពីសៀមបូកខេត្តស្ទឹងត្រែងក្នុងមួយទូកផ្ទុកបានឈើពី១០ម៉ែត្រគូបទៅ៥ម៉ែត្រគូបឯណ្ណោះ។នៅពេលចូលដល់ក្នុងភូមិខ្សាច់លាវឃុំអូរគ្រៀងស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះនៅពេលយប់មានរថយន្តសាំយ៉ុងមិនក្រោម១០គ្រឿងទេជាអ្នកចាំទទួលបន្ត។

ចំពោះរថយន្តដែលចូលទៅដឹកនោះមានចំនួន៥ម្ចាស់ក្នុងមួយម្ចាស់មានរថយន្តសាំយ៉ុងយ៉ាងតិច៣គ្រៀងដឹកជញ្ជូនចេញពីស្រុកអូរគ្រៀងឆ្ពោះទៅខេត្តត្បូងឃ្មុំ។

សកម្មភាពប្រព្រឹត្តបទល្មើសដឹកជញ្ជូនភាគច្រើនចាប់ពីម៉ោង១២យប់រហូតដល់ម៉ោង៣ទៀបភ្លឺដោយមានឈ្មួញបំផ្លាញព្រៃឈើ៤នាក់ជាម្ចាស់រថយន្តរត់ការបើកផ្លូវបង់លុយឲ្យសមត្ថកិច្ច។

ចំណែកសមត្ថកិច្ចនិងមន្ត្រីជំនាញដែលគ្រប់គ្រងនៅស្រុកសៀមបូបខេត្តស្ទឹងត្រែងតែងរអ៊ូរទាំប្រាប់អ្នកសារព័ត៌មានថាភូមិសាស្ត្រនៅតំបន់មានបទល្មើសស្មុគស្មាញណាស់ពិបាកក្នុងការចុះបង្ក្រាបឬពេលខ្លះចុះទៅបង្ក្រាបឈ្មួញតែងតែដឹងខ្លួនជាមុនគេចបាត់អស់។

ដោយឡែកមន្ត្រីពាក់ព័ន្ធនៅតាមដងផ្លូវដែលរថយន្តទឹកជញ្ជូនបន្តពីទូកនៅស្រុកអូរក្រៀមសែនជ័យក៏មិនដែលឃើញមានវិធានការបង្ក្រាបម្ដងណាទាល់តែសោះ៕