សន្ដិសុខសង្គម

បើកឡានបុកអ្នកជិះម៉ូតូស្លាប់ហើយរត់បាត់ស្រមោល

ដោយ:សុខុម
បាត់ដំបង៖ តៃកុងរថយន្តធំរត់បាត់ស្រមោលក្រោយបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់​ស្លាប់​កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥  ក្រុមទី១៥ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។


លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍អោយ​ដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កដោយរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទក្បាលសណ្ដោង ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-7321 និងសឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខកណ្ដាល 4A-0197 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ និងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ផ្លាកលេខ បាត់ដំបង 1A-1173 បើកបរដោយឈ្មោះ ទូច លាង ភេទប្រុស អាយុ ៧៤ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក​សង្កែ​បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ម៉ូតូបានបើកបរខាងឆ្វេងដៃ​ពីកើតទៅលិច ហើយឆ្លងថ្នល់ បណ្ដាលអោយរថយន្តបើកបរពីកើតទៅលិច ជ្រុលមកបុកពីក្រោយម៉ូតូពេញមួយទំហឹងតែម្ដង រួចរថយន្តបានបើករត់គេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់បាននៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងក្រោយពីអ្នកបើកចតចោល។

ក្រោយមកនគរបាលស្រុកសង្កែ បានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុក​នៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ​តាមប្រពៃណី៕