សន្ដិសុខសង្គម

ចាប់ខ្លួនស្ត្រីយកក្បាលជនរងគ្រោះខ្ទប់ដង្ហើមនឹងខ្នើយស្លាប់

ដោយ:សុខុម
ពោធិ៍សាត់:សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្ត​ពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញចាប់ខ្លួន​ស្ត្រីម្នាក់តាមដីកាកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣​ពាក់ព័ន្ធនឹងករណីឃាតកម្ម​កាលពីប៉ុន្មានខែមុន។


សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញរាជធានីភ្នំពេញសហការជាមួយនគរបាលខេត្ត​ពោធិ៍សាត់បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ ពីបទឃាតកម្ម (ខ្ទប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខ​នឹងខ្នើយ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់​ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយបានគេចខ្លួនមកនៅភូមិ​ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបង្រ្កាបឃាត់ខ្លួនបាននៅចំណុចក្នុងផ្សារធំថ្មីខេត្តពោធិ៍សាត់ដើម្បីយកទៅ​បន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញវិញ។ចំណែករឿងរ៉ាវលំអិតអត្តសញ្ញាណជន​រងគ្រោះ​ដែលត្រូវគេសម្លាប់នោះសមត្ថកិច្ចមិនទាន់បង្ហាញសាច់រឿងក្បោះក្បាយ​នៅឡើយ៕