អន្តរជាតិ

ព័ត៌មានបរទេសផ្សាយថារដ្ឋមន្រ្តីការពារជាតិចិនអាចត្រូវបានចាប់ខ្លួនបង្ខាំងនៅក្នុងផ្ទះ

ប្រែសម្រួល៖រតនា​

សារព័ត៌មានបរទេសថ្មីៗនេះបានចេញផ្សាយដំណឹងគួរឲ្យភ្ញាក់ផ្អើលថា លោកLi Shangfu រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិនដែលទើបនឹងឡើងកាន់តំណែងគឺអាចត្រូវបានចាប់ខ្លួនហើយឃុំគាត់ឲ្យនៅតែក្នុងផ្ទះដើម្បីបើកការស៊ើបអង្កេត។

ព័ត៌មាននៃការចាប់ខ្លួនរដ្ឋមន្រ្តីការពារជាតិចិននេះបានលេចឭឡើងបន្ទាប់ពីគេសង្កេតឃើញរដ្ឋមន្ត្រី​ការពារជាតិ​ចិនរូបនោះ​មិន​បាន​ឃើញចូលទៅ​ក្នុង​ជំនួបដ៏សំខាន់ជាមួយវៀតណាមដែលគ្រោងទុកកាលពី​សប្តាហ៍​មុន។

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានដកខ្លួនចេញពីកិច្ចប្រជុំភ្លាមៗជាមួយមេដឹកនាំការពារជាតិវៀតណាមកាលពីសប្តាហ៍មុន មន្ត្រីបីរូបដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបាននិយាយថា ចំពេលមានសំណួរអំពីការអវត្តមានរយៈពេលជាងពីរសប្តាហ៍របស់លោកពីទិដ្ឋភាពសាធារណៈ។

លោក Li ដែលមានអាយុ 65 ឆ្នាំគ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលរៀបចំដោយវៀតណាមនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិននៅថ្ងៃទី 7-8 ខែកញ្ញា ប៉ុន្តែកិច្ចប្រជុំត្រូវបានពន្យារពេលបន្ទាប់ពីទីក្រុងប៉េកាំងបានប្រាប់ទីក្រុងហាណូយប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ថារដ្ឋមន្ត្រីមាន “ស្ថានភាពសុខភាព” ។ នេះ​បើ​តាម​មន្ត្រី​វៀតណាម​ពីរ​រូប។

ការពន្យារពេលភ្លាមៗនៃកិច្ចប្រជុំ និងហេតុផលដែលលើកឡើងដោយប្រទេសចិន ត្រូវបានរាយការណ៍ដោយ Reuters ជាលើកដំបូង។

ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងការបរទេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីការអាក់ខានពីព្រឹត្តិការណ៍ជួបជាមួយវៀតណាមនេះទេ។ ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ប៉េកាំង​មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ឡើយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

កាលពី២ខែមុនគេបានឃើញលោក Li Shangfu ដែលជាប្រមុខការពារជាតិចិនរូបនោះបានទៅចូលរួមប្រជុំមួយនៅប្រទេសរុស្ស៊ី។ នៅទីនោះលោកបានបញ្ចេញវោហាសាស្រ្តគំរាមដល់បណ្តាប្រទេសលោកខាងលិចមិនឲ្យលូកដៃចូលបញ្ហាកោះតៃវ៉ាន់ទេ។

ការផ្សព្វផ្សាយរឿងចាប់ខ្លួនលោក Li នេះគឺបានកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរជំនួសតំណែងរដ្ឋមន្ត្រីការបរទេស លោក​Qin Gang ដែលមិនមានការពន្យល់ពីមូលហេតុរបស់មេដឹកនាំប្រទេសចិនក្នុងខែកក្កដា៕