ព័ត៌មានជាតិ

ផ្លូវមួយខ្សែដែលជប៉ុនជួយជិត៥សែនដុល្លារនៅខេត្តរតនគិរីខូចស្ទើរទាំងស្រុង

ដោយ:សុខុម
រតនគិរី: កំណាត់ផ្លូវមួយខ្សែដែលជប៉ុនផ្ដល់ជំនួយជិត៥ សែនដុល្លារ​ទទួលរងខូចស្ទើរ​ទាំងស្រុង បង្កការលំបាកដល់អ្នកធ្វើដំណើរខ្លាំងណាស់។ជាពិសេសប្រជាពលរដ្ឋដែល​ធ្វើដំណើរតាមម៉ូតូ សិស្សសាលា គឺតែងតែដួលប្រឡាក់ដីពេញខ្លួន។រថយន្តខ្លះក៏បាន​រអិលធ្លាក់ពីលើផ្លូវក៏មានដែរ។

ផ្លូវខាងលើនេះមានទទឹង៦ម៉ែត្រនិងបណ្ដោយ១៩គីឡូម៉ែត្រ តភ្ជាប់ពីរមណីយដ្ឋាន​បឹងយក្សឡោម ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទឹកធ្លាក់អូរសុិនឡែរ៍(ជំរំបីស្រុក) ស្ថិតនៅក្នុងចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។


សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះខាងក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើផ្ទាល់កាលពីឆ្នាំ២០១០ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលជប៉ុន អាស៊ាន ដែលមានទំហំទឹកប្រាក់ សរុបចំនួន៤៧៥០០០ដុល្លារ ។ ផ្លូវនោះនៅក្នុងគំរោងគឺតម្រូវឲ្យ ក្រាលកៅស៊ូ ឲ្យបាន​មាំទាំគុណភាពល្អដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងវិស័យទេសចរណ៍ ក្នុងខេត្ដរតនគិរីនេះ ប៉ុន្ដែពេលចុះធ្វើ ផ្លូវនោះបែរជាគេក្រាលតែក្រួសក្រហម​ទៅវិញ គឺខុសពីគម្រោងដើម ។

ក្រោយពីធ្វើផ្លូវនោះរួចរាល់បាន១ឆ្នាំ គឺនៅឆ្នាំ២០១២ ខាងក្រសួងអភិវឌ្ឍន៍ជនបទ​ក៏បានសម្រេចប្រគល់ទៅឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដរតនគិរី ជាអ្នកមើលថែទាំ​និងជួសជុលជាប្រចាំ និងបានតម្កល់ឈ្មោះម្ចាស់ជំនួយនៅលើប៉ាណូមួយដោយសរសេរថា​ផ្លូវនោះប្រើប្រាស់ថវិកាគម្រោងរាជរដ្ឋាភិបាលជប៉ុនអាស៊ានដែលមានទឹកប្រាក់ចំនួន ៤៧៥០០០ដុល្លារ។
ក្រោយពេលផ្លូវនោះបានធ្លាក់ដល់ដៃខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរនគិរី គេសង្កេត​ឃើញថា​ប៉ាណូដែលតម្កល់ឈ្មោះម្ចាស់ជំនួយក៏បាក់ទៅ ឯផ្លូវក៏មានសភាពទ្រុឌទ្រោម​ខូចខាត​ជាបន្ដបន្ទាប់និងធ្ងន់ធ្ងរទៅៗដោយមិនអាចធ្វើដំណើរបានស្រួលទេ។

អ្នកយកព័ត៌មានយើងបានព្យាយាម សុំការ ពន្យល់ពីលោកអៀម អឿន ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តរតនគិរី តែទូរសព្ទលោករោរិ៍ជាច្រើនដងហើយពុំមានអ្នកទទួល៕