សន្ដិសុខសង្គម

បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយនៅក្រុងកំពង់ចាម ឃាត់ខ្លួនបុរស១០នាក់

ដោយៈ គង់ហេង
កំពង់ចាម៖ សមត្ថកិច្ចបានឆ្មក់ចាប់បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែមួយកន្លែង នៅប្លុកត្នោតជ្រុំ ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយសម្រេចឃាត់ខ្លួន បុរសជាអ្នកប្រព្រឹត្តចំនួន ១០ នាក់ និងបិទទីតាំងនោះជាបណ្តោះអាសន្នកាលពីយប់ថ្ងៃទី ១៤ កញ្ញាម្សិលមិញនេះ។


លោក លី សុវណ្ណ ជាអភិបាលក្រុងកំពង់ចាម និងជាអ្នកដឹកនាំប្រតិបត្តិការបង្រ្កាបខាងលើ​បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៥ កញ្ញានេះថា៖​ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម យើងបានបង្រ្កាបកន្លែង​លបលួចលាក់លេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ភ្នាល់ដាក់ប្រាក់​នៅទីតាំងខាងលើ។


លោកអភិបាលក្រុងបានឱ្យដឹងទៀតថា៖ ជាលទ្ធផលយើងសម្រេចឃាត់ខ្លួនមុខសញ្ញា​សង្ស័យ ចំនួន១០នាក់(ប្រុស) សម្ភារដកហូតមាន៖​ទូរសព្ទចំនួន១៥គ្រឿង,​ម៉ូតូចំនួន​១១គ្រឿង,កាបូបដៃពណ៌ខ្មៅចំនួនបី,ដុំសាកទូរសព្ទចំនួនមួយ,​កាបូបស្ពាយពណ៌ខ្មៅ​ចំនួនមួយ,ប្រាក់ដុល្លារចំនួន៣០១០ដុល្លារ,ប្រាក់រៀល ១៣.៥៧២.០០០រៀល(ដប់បីលានហាសិបប្រាំពីរមុឺនពីររយរៀល),ទូរទស្សន៍ម៉ាក LG ចំនួន០១គ្រឿង,កុំព្យូទ័រម៉ាក LEOVOSE ចំនួនពីរគ្រឿង,ឃីបត ចំនួនពីរ ដុំសាកថ្មចំនួនពីរ ឌុយភ្លើងចំនួនពីរ ក្បាលវាយហ្វាយចំនួនបី,ឡេបថបម៉ាក GATEWAY ចំនួនមួយ​គ្រឿង,រថយន្ដចំនួនពីរគ្រឿង ១.ម៉ាកLEXUS 350 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-7477។ ២.ម៉ាកPRIUS ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A-2322។លទ្ធផលតេស្តទឹកមូត្រស្វែងរកសាធាតុញៀនលទ្ធផលអវិជ្ជមាន ទាំង១០នាក់។


បច្ចុប្បន្នជនសង្ស័យទាំង ១០ នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅ​អធិការដ្ឋាននគរបាលក្រុងកំពង់ចាម តាមបញ្ជា លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាម​នីតិវិធី៕