សន្ដិសុខសង្គម

ឈើរាប់រយកំណាត់នៅខេត្តមណ្ឌលគិរីចេះបំបាំងកាយ

ដោយ:សុខុម
មណ្ឌលគិរី:ឈើហុប រាប់រយកំណាត់ ដែលពួកឈ្មួញ បានដឹកជញ្ជូនមកលាក់ទុកនៅ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយមក ជម្លៀសចេញអស់ខ្លះហើយ​ពេលបែកការណ៍នោះ។


តាមសេចក្តីរាយការណ៍បានឲ្យដឹងថា: ឈើទាំងអស់នេះ ក្រុមឈ្មួញយកគ្រឿងចក្រ មកកាយជីកស្រះធំៗ ចំនួនពីរស្រះ រួចហើយពួកគេយកគ្រឿងចក្រ រុញឈើ ចូលទៅក្នុងស្រះទឹក និងខ្លះនៅតាមព្រៃដើម្បីលាក់បាំង ។


បទល្មើសកាប់ឈើនៅស្រុកកោះញែកខេត្តមណ្ឌលគិរីបានកើតឡើងលក្ខណៈទ្រង់ទ្រាយធំសាជាថ្មី គឺក្រោយគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិដកកម្លាំងទៅវិញ។បទល្មើសដែលកើតឡើងមន្ត្រីពាក់ព័ន្ធក្នុងតំបន់នោះបែរជាសម្ងំឈឹង។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានថា: លោកមិនទាន់បានដឹងអំពីករណីកំណាត់ឈើរាប់សិបនៅស្រុកកោះញែកនោះទេ។ លោកនឹងចាត់ឲ្យមន្ត្រីរបស់លោក ឱ្យទៅពិនិត្យមើលសិន។

មកដល់ពេលនេះជំនាញបរិស្ថានមិនទាន់បកស្រាយបំភ្លឺចំពោះការកាប់ឈើដ៏ធំសម្បើមនៅស្រុកកោះញែកខេត្តមណ្ឌលគិរីនៅឡើយ។

ប្រភពរាយការណ៍បានឱ្យដឹងថា ឈើមួយចំនួនត្រូវបានឈ្មួញជម្លៀសចេញក្រោយ​បែកធ្លាយ​​ព័ត៌មានករណីកាប់ឈើខុសច្បាប់ខាងលើនេះ៕