អន្តរជាតិ

គីម ជុងអ៊ុននឹងទៅទស្សនារោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី ខណៈពូទីនទទួលការអញ្ជើញទៅកូរ៉េខាងជើង

ប្រែសម្រួល៖រតនា

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្តដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយធ្វើដំណើរទៅកាន់រោងចក្រផលិតយន្តហោះនៅភាគខាងកើតនៃទីក្រុង Komsomolsk-on-Amur បន្ទាប់ពីភាគីទាំងពីរបាននិយាយថា កិច្ចសហប្រតិបត្តិការយោធាគឺជាលទ្ធភាពមួយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS បានរាយការណ៍ថា រោងចក្រនេះគឺជារោងចក្រផលិតយន្តហៅ ដ៏ធំបំផុតរបស់ប្រទេស ហើយសាងសង់ និងអភិវឌ្ឍន៍យន្តហោះចម្បាំង រួមទាំង Su-35S ផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Russia 1 ថា លោក Kim ក៏ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Vladivostok ជាកន្លែងដែលលោកនឹងមើលសមត្ថភាពយោធានៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី។

ដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ីបានកើតឡើងបន្ទាប់ពីលោក ពូទីន បាននិយាយថា រុស្ស៊ីកំពុងពិចារណា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាមួយចំនួនជាមួយកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលដែលលោក គីម បង្ហាញខ្លួនដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។

កិច្ចប្រជុំរយៈពេលប្រាំម៉ោងកាលពីថ្ងៃពុធនៅឯ Vostochny Cosmodrome បានបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលប្រទេសទាំងពីរប្រឈមមុខនឹងភាពឯកោអន្តរជាតិ – ទីក្រុងម៉ូស្គូសម្រាប់ការលុកលុយអ៊ុយក្រែន និងក្រុងព្យុងយ៉ាងសម្រាប់អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកពូទីនបានទទួលយកការអញ្ជើញរបស់លោកគីមដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងហើយថារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក៏នឹងធ្វើទស្សនកិច្ចប្រទេសនេះក្នុងខែតុលានេះបើយោងតាមអ្នកនាំពាក្យលោក Dmitry Peskov ៕