សន្ដិសុខសង្គម

ស្រវឹងស្រាកាប់របួសធ្ងន់ធ្ងរទាំងសងខាងតែត្រូវចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោស

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសពីរនាក់បានទាស់សម្តីគ្នាក្នុងពេលកំពុងផឹកស៊ីស្រវឹង​ក៏បានឈានដល់ការ​ទាញកាំបិតរៀងខ្លួន កាប់គ្នាទៅវិញទៅបណ្តាលឱ្យរបួសធ្ងន់ទាំងសងខាង ហើយសាច់ញាតិ​នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់​ ។ហេតុការណ៍​នេះបានកើតនៅភូមិបុរីតេជោសែនលិច ឃុំដារ ស្រុកមេមត់ កាលពីរសៀលថ្ងៃទី ១២ កញ្ញា។


ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺបុរសទាំងពីរដែលម្នាក់ឈ្មោះ ប៊ុន បូរិទ្ធ អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិសាឡង់១ និងម្នាក់ទៀតឈ្មោះ ថា សេងលី អាយុ ៣៧ ឆ្នាំរស់នៅភូមិដារកណ្តោល ឃុំដារដូចគ្នា ត្រូវលោក សួន ទី ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ពីបទហិង្សាមានស្ថានទម្ងន់ទោស។


សេចក្តីរាយកាណ៍ពីស្រុកមេមត់បានឱ្យដឹងថាៈ នៅនឹងផ្ទះកើតហេតុរបស់បុរសឈ្មោះ តាក់ មានការផឹកស៊ីរហូតស្រវឹងរៀងៗខ្លួន ក៏បង្កឱ្យមានការឈ្លោះប្រកែកគ្នារវាងឈ្មោះ ប៊ុន បូរិទ្ធ និងឈ្មោះថា សេងលី បណ្តាលឱ្យទាំង២នាក់បានទាញកាំបិតកាប់គ្នាទៅវិញទៅមក រងរបួសធ្ងន់ធ្ងរ ដោយឈ្មោះ ប៊ុន បូរិទ្ធ របួសធ្ងន់ចំនួនពីរ កន្លែងៈរយះស្មាខាងឆ្វេង និងក្រោយត្រចៀកខាងឆ្វេង។ ចំណែកឈ្មោះ ថា សេងលី ត្រូវរបួសធ្ងន់ចំនួនពីរ កន្លែងដូចគ្នា គឺផ្នែកក្បាលខាងឆ្វេង និងកដៃខាងឆ្វេង។

ក្រោយកើតហេតុត្រូវក្រុមគ្រួសារបញ្ជួនទៅកាន់មន្ទីរពេទ្យ។

សេចក្តីរាយការណ៍នោះបានបន្តថាៈ ករណីបុរសទាំងពីរកាប់គ្នា គឺផ្តើមចេញពីការ​ផឹកស្រាស្រវឹងទាស់ពាក្យសម្តី គឺជាជនសង្ស័យដូចគ្នា ដោយប្រឈមនឹងការ​ចោទប្រកាន់ពីបទ ហិង្សាមានស្ថានទំងន់ទោស ហើយករណីនេះខាងមន្រ្តីនគរបាល​យុត្តិធម៌ នៃអធិការនគរបាលស្រុកមេមត់កំពុងស្រាវជ្រាវ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕