សន្ដិសុខសង្គម

សមត្ថកិច្ចស្រុកចំនួន២ចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនមូលដ្ឋាន

ដោយ៖វិចិត្រ

កំពង់ឆ្នាំង៖សមត្ថកិច្ចស្រុករលាប្អៀរ និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាប បទល្មើសនេសាទក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដោយបានកាប់បំផ្លាញឧបករណ៍​ខុសច្បាប់ជាច្រើន។


មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣​កម្លាំងនគរបាលស្រុករលាប្អៀរ និងស្រុកជលគិរី បានចុះបង្ក្រាបបទល្មើសនេសាទ​ចំនួន២ទីតាំង។ទី១-នៅម្តុំភូមិកំពង់រាំង និងភូមិកោះកែវ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ក្នុងនោះកាប់បំផ្លាញចោលរបាំងសាច់អួនចំនួន១៤កន្លែងប្រវែងប្រមាណ១.០០០ម៉ែត្រ-លបលូចំនួន១៤-បង្គោលចំនួន២៨០ដើម-លែងកូនត្រីចម្រុះប្រមាណ៥០គីឡូក្រាម​ចូលក្នុងបឹងវិញ។ ក្រោយមកកម្លាំងបានបន្តចុះបង្ក្រាបបទល្មើសនេសាទនេះ នៅត្រង់តំបន់បាញ់លះ និងចុងព្រែកយួន ស្ថិតក្នុងភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី។

សមត្ថកិច្ចរុះរើរបាំងស្បៃមុងប្រវែង២៥០ម៉ែត្រ-លបលូស្បៃមុងចំនួន១០លប-បង្គោល៧០ដើម-ចាក់លែងកូនត្រីចម្រុះជាង៥០គីឡូក្រាមចូលទន្លេវិញ។ចំណែក​ឧបករណ៍ល្មើសច្បាប់ទាំងអស់បានបំផ្លាញចោល៕