សន្ដិសុខសង្គម

សមត្ថកិច្ចបន្តនីតិវិធីលើអ្នកចាប់ក្មេងបោកនិងប្រើដុំថ្មវាយឱ្យរងរបួសធ្ងន់

ដោយ៖វិចិត្រ

សៀមរាប៖ថ្ងៃទី១៣ខែកញ្ញា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពីបទចាប់ក្មេងបោក និងយកដុំថ្មវាយក្មេងម្នាក់ទៀត ឱ្យពួកគេទាំង២នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញបានតាមឃាត់ខ្លួនជនសង្ស័យ ករណីកាន់ដុំថ្មវាយក្មេងម្នាក់និងចាប់ក្មេងម្នាក់ទៀតបោក បណ្តាលឱ្យពួកគេ ទាំង២នាក់រងរបួសធ្ងន់។ជនសង្ស័យឈ្មោះ សរ ម៉ាប់ អាយុ៥០ឆ្នាំ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១២ ខែកញ្ញា មុនកើតហេតុ ក្មេងរងគ្រោះ២នាក់ឈ្មោះ លឿម កញ្ញា ភេទស្រី អាយុ៨ឆ្នាំនិងក្មេងប្រុសឈ្មោះហៃ រដ្ឋា អាយុ១៦ឆ្នាំ នៅភូមិឃុំខាងលើ ខណៈពួកគេកំពុងដើរតាមផ្លូវ។ ពេលនោះជនសង្ស័យដែលមាន សតិមិនល្អ បានចាប់ក្មេងស្រីឈ្មោះ លឿម កញ្ញា បោកក្បាលនឹងគំនរថ្ម នៅចិញ្ចើមផ្លូវផុងលលាដ៍ក្បាល។

បន្ទាប់មកក៏យកដុំថ្មវាយលើក្មេងប្រុសឈ្មោះ ហៃ រដ្ឋា ចំនួន៣ដុំថ្មចំដើមទ្រូង ធ្វើឱ្យក្មេងទាំង២នាក់រងរបួសធ្ងន់រួចក៏គេចខ្លួន។

ក្រោយកើតហេតុ មន្ត្រីអាជ្ញាធរបានជួយដឹកក្មេងរងគ្រោះទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ច តាមចាប់បានជនសង្ស័យយកមកចាត់ការតាមច្បាប់៕