សន្ដិសុខសង្គម

ជំនាញកំពុងរកមូលហេតុភ្លើងឆេះផ្ទះ១ខ្នងបង្កខូចខាតប្រមាណជាង១០.០០០ដុល្លារ

ដោយ៖វិចិត្រ
បាត់ដំបង៖សមត្ថកិច្ចជំនាញកំពុងរកមូលហេតុ ករណីភ្លើងឆេះផ្ទះអស់មួយខ្នង បង្កឱ្យខូចខាតទ្រព្យសម្បតិ្តនិងសម្ភារ គិតជាប្រាក់ប្រមាណជាង១០.០០០ដុល្លារ។គ្រោះមហន្តរាយនេះបានកើតឡើងនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា។


មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ទាវ ប៊ុនថាន អាយុ៤២ឆ្នាំនៅភូមិ ឃុំខាងលើ។ ភ្លើងបានឆាបឆេះផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ។ជាមួយទ្រព្យសម្បត្តិនិង សម្ភារប្រើប្រាស់ ខូចខាតមានដូចជា គ្រែឈើប្រអប់១-សាឡុង១ឈុត-ទូឈើ ចំនួន៥-ម៉ាស៊ីនត្រជាក់២-លុយសុទ្ធចំនួន៣.០០០ដុល្លារ។សរុបការខូចខាត គិតជាទឹកប្រាក់ប្រមាណជាង១០.០០០ដុល្លារ។

ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទើបភ្លើងរលត់ ដោយមិនមានមនុស្សរងគ្រោះថ្នាក់ និងឆេះរាលដាលទេ។អគ្គិភ័យនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយ។តែផ្នែកជំនាញកំពុងរកមូលហេតុ៕