សន្ដិសុខសង្គម

កម្លាំងនគរបាលឃាត់ខ្លួនស្រ្តីតែងខ្លួនជាប្រុសអុកឡុករំខានជីវិតស្រី្តម្នាក់

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនស្រ្តីតែងខ្លួនជាប្រុស តាមបណ្តឹងស្រ្តីម្នាក់បានបង្ហោះឃ្លីបវីដេអូ ដោយចោទប្រកាន់ថា តាមអុកឡុករំខាន ជីវិតនាង។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ខែកញ្ញា ស្រ្តីតែងខ្លួនជាប្រុស ដែលស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូ ដោយចោទប្រកាន់ថាតាមអុកឡុករំខានជីវិតនាងនោះ ត្រូវឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។

ករណីនេះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានបញ្ជាក់ថា រសៀលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ នៅភូមិចម្ការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវឃាត់ខ្លួនរួចបញ្ជូនទៅ អធិការដ្ឋានដើម្បីបន្តនីតិវិធី។
នាយប៉ុស្តិ៍បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅនេះស្រ្តីឈ្មោះ វណ្ណ ឌីលក្ខណ អាយុ៣១ឆ្នាំ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះឡុង សុខគីម ភេទស្រី អាយុ៣៣ឆ្នាំ ពីបទតាមអុកឡុកជីវិតនាង។ក្រោយមកមន្រ្តីប៉ុស្តិ៍បានកោះហៅ ស្រ្តីរងការចោទប្រកាន់ដើម្បីសាកសួរ។

ភាគីទាំង២គឺស្រ្តីដើមបណ្តឹងនិងស្រ្តីចុងបណ្តឹងក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ សម្រេចដកពាក្យបណ្តឹងនិងធ្វើកិច្ចសន្យា ដោយឈប់តាមយាយីអុកឡុកជីវិតគេ និងភាគីម្ខាងទៀតឈប់ប្តឹងចោទចុងបណ្តឹងនោះដែរ។បើមានករណីកើតឡើងបន្តទៀត ស្រ្តីខាងលើនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ប៉ុន្តែករណីនេះក៏កើតឡើងទៀត៕