សន្ដិសុខសង្គម

អតីតម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia»លោកប៊ុតសីហា ត្រូវបានឃាត់ខ្លួន

ដោយ:សុខុម
កំពង់ស្ពឺ:លោក ប៊ុន សីហា អតីតម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១នៅទូរទស្សន៍ហង្សមាស ត្រូវបានកម្លាំងជំនាញផ្នែក​ប្រឆាំង​បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលឃាត់ខ្លួនរួមនឹងបក្ខពួកទៀត​ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់​នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការបង្ក្រាប នូវមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួនពីរនាក់ ក្នុងនោះរួមមាន៖ ទី១- ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ ៣៨ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី និងទី២- ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ។ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៥កញ្ចប់ (៣តួច និង ២មធ្យម), ទូរសព្ទចំនូន ០៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀន​មួយចំនួនទៀត។


គួរបញ្ជាក់ថា ការឃាត់ខ្លួនលោក ប៊ុត សីហា ដែលជាអតីតម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia» របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស​រូបនេះ បានធ្វើឡើងជាលើកទី២ដោយកាលពីឆ្នាំ២០១៨ ក៏ធ្លាប់ចាប់ខ្លួនម្តងដែរ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។នៅពេលនោះលោកប៊ុត សីហា​ត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយក​ទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន ប៉ុន្តែដោយសារមិនកែប្រែខ្លួននៅ​បន្ត​​ប្រព្រឹត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាជាថ្មីតែម្តងទៀត។


ពេលនេះ​សមត្ថកិច្ច​ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕