សន្ដិសុខសង្គម

ល្បែងស៊ីសងគ្រប់ប្រភេទកំពុងបើកលេងឡើងវិញកក្រើកក្រុងព្រះសីហនុ

ដោយ៖រតនា
ខេត្តព្រះសីហនុ៖បន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាស ឱ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់បង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដូចជាកន្ទុយលេខ ហ្គេមឡូតូ ហ្គេមអនឡាញនិងហ្គេមបាញ់ត្រី រួចមក គេសង្កេតឃើញថាមានភាពស្ងប់ស្ងាត់បានតែ មួយរយៈតូចប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះល្បែងគ្រប់ប្រភេទទាំងនោះ កំពុងតែកក្រើកឡើងវិញ ធ្វើឲ្យមួយរយៈចុងក្រោយនេះមានសកម្មភាពចោរកម្មឆក់កាបូប​ឆក់ទូរសព្ទភ្ញៀវតាមផ្លូវសាធារណៈជាញឹកញាប់។


ជុំវិញល្បែងស៊ីសងជាពិសេសគេសង្កេតឃើញល្បែងឆ្នោតកន្ទុយលេខល្បែងហ្គេមឡូតូនិងហ្គេមបាញ់ត្រីបានបើកដំណើរការដោយកន្លែងខ្លះអះអាងថាមានច្បាប់ រីឯកន្លែងខ្លះទៀត ជាកន្លែងរបស់មេថ្នាក់លើ ហេតុដូចនេះទើបធ្វើឲ្យទីតាំងកន្លែងល្បែងទាំងនោះបានបើក​ដំណើរការ​​ដោយស្រួល។

ជាក់ស្តែងល្បែងស៊ីសងកន្ទុយលេខនៅក្នុងផ្សារលើ,ក្នុងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មចិន អូរ និងនៅទីតាំងប្រជុំជនជាច្រើនកន្លែងទៀត។ប៉ុន្តែសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធមិនទាន់​បាន​ចុះ​​បង្ក្រាបឡើយ។ ខណៈពេលអភិបាលក្រុងព្រះសីហនុលោកសរ កក្កដា បានប្ដេជ្ញាថា នឹងបង្ក្រាបឲ្យបាននូវល្បែងស៊ីសងទាំងឡាយណាដែលស្ថិតក្នុង​ភូមិសាស្រ្តរបស់លោកគ្រប់គ្រង។


ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងហ្គេមបាញ់ត្រីនេះផងដែរ លោកសំ ប្រាក់ នាយរងរដ្ឋបាលសង្កាត់លេខ 4 បានឲ្យដឹងថា ចំពោះករណីខាងលើ​លោកបានធ្វើ​របាយការណ៍សុំយោបល់ពីថ្នាក់លើហើយ គឺនៅរង់ចាំតែបទបញ្ជានោះទេ។

ដោយឡែកលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានឲ្យដឹងតាមប្រព័ន្ធ telegram ក្រោយក្រុមអ្នកសារព័ត៌មានផ្តល់ព័ត៌មានកាលពីថ្ងៃទី 10 ខែកញ្ញាកន្លងមកថា លោកសូម អរគុណដល់បងប្អូនអ្នកសារព័ត៌មានដែលបានផ្ដល់នូវព័ត៌មាននេះជូនដល់លោក។ ចំពោះបញ្ហានេះលោកនឹងចាត់វិធានការបន្ទាន់ចំពោះករណីនេះ លោកបានចេញបទបញ្ជា​ទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធមួយចំនួនរួចរាល់អស់ហើយ៕