សន្ដិសុខសង្គម

ល្បាតរំលងអធ្រាត្រចាប់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ជាមួយវត្ថុតាងស្រាបៀរជិត២កេសក្រោយធ្វើសកម្មភាពល្មើស

ដោយ៖សុខុម

បាត់ដំបង÷ សមត្ថកិច្ចក្រុង និងសមត្ថកិច្ចមូលដ្ឋានស្រុកសង្កែចុះល្បាតនៅរំលង​អធ្រាត្របាននាំខ្លួនមុខសញ្ញាសង្ស័យចំនួន២នាក់រួមជាមួយវត្ថុតាងស្រាបៀរជិត២កេស។

នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា÷ ការនាំខ្លួនបុរសជនសង្ស័យចំនួន​២នាក់នេះ បន្ទាប់ពីកម្លាំងល្បាតបានប្រទះហើយដាក់សង្ស័យកាលពីរំលង​អធ្រាត្រត្រង់ចំណុចផ្លូវសាធារណ: ក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យដែលនាំខ្លួនខាងលើមានឈ្មោះងាត់ ខួច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម្នាក់ឈ្មោះឡុង សំណាង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងសង្ស័យមាន: ស្រាបៀរចំនួន ៤៣ កំប៉ុង និងម៉ូទ័រស្វានប្រើអគ្គិសនី ១ផងដែរ។

ប្រភពដដែលបានបញ្ជាក់បន្តថា÷ ក្រោយការសាកសួរជនសង្ស័យអ្នកទាំងពីរបាន​ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកស្រាបៀរហ្គេនប៊ឺកចំនួន៤៣កំប៉ុង និងម៉ូទ័រស្វានអគ្គិសនីពិតប្រាកដមែនកាលពីវេលាម៉ោង២:៣០នាទីរំលងអធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពីចំណុចតារាងបាល់ទះស្ថិតនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។ ករណីនេះ កម្លាំងការិយាល័យជំនាញកំពុងរៀបចំបញ្ជូន​ទៅតុលាការតាមនីតិវិធី៕