សន្ដិសុខសង្គម

រៀបចំសំណុំរឿងបញ្ជូនវៀតណាមម្នាក់ប្រើចម្ពាមបាញ់ក្មេងស្រីឱ្យរបួសទៅតុលាការ

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលបានឃាត់ខ្លួនបុរសវៀតណាមម្នាក់ ពីបទប្រើចម្ពាមកៅស៊ូ បាញ់លើកុមារីម្នាក់ បណ្តាលឱ្យរងរបួសចំផ្ទៃមុខក្រោមភ្នែក។ហេតុការណ៍នេះ បានកើតឡើង នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ចាំងងី អាយុ៦៣ឆ្នាំជាជនជាតិ វៀតណាម ស្នាក់នៅកន្លែងខាងលើ។ចំណែកក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំរស់នៅជិតគ្នា។ ម្តាយក្មេងរងគ្រោះបានឱ្យដឹងថា ប្រមាណជា៤-៥ខែមុនកូនស្រីគាត់ធ្លាប់លេង ជាមួយចៅរបស់ជនសង្ស័យ ហើយក៏មានការឈ្លោះប្រកែកគ្នា។

ស្ត្រីជាម្តាយបានបន្តថា មកដល់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់បានជិះស្គីជាមួយ ក្មេងៗជាច្រើនទៀតកាត់មុខផ្ទះជនបង្ក។ពេលឃើញដូចច្នោះធ្វើឱ្យបុរសនោះ អាចមានគំនុំពីមុនមកផង ក៏យកចម្ពាមកៅស៊ូប្រើគ្រាប់ដែកបាញ់លើក្មេងស្រី រងគ្រោះចំក្រោមភ្នែក បណ្តាលឱ្យរងរបួស។

ក្រោយទទួលបណ្តឹង កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះឃាត់ខ្លួនបុរសខាងលើ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីសាកសួរកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការបន្តនីតិវិធី៕