សន្ដិសុខសង្គម

បង្រ្កាបគ្រឿងញៀន កូកាអ៊ីននាំ ពីប្រទេសប្រស៊ីលចូលមកកម្ពុជា

ដោយ:សុខុម
ភំ្នពេញ ៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃប្រទេសកម្ពុជា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិបូលីវី នាំល្បាយគ្រឿងញៀន កូកាអ៊ីនពីប្រទេសប្រស៊ីល ឆ្លងកាត់ប្រទេស​ម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿង​ញៀន​​កូកាអ៊ីន ទម្ងន់ ៤៣៥៦ក្រាម។


មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅ​ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣ ថា បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់​ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៥និង៤៥នាទី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំង​ជំនាញការិយាល័យ(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរ, លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ដែលដឹកនាំសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យវ៉ាលិសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី ។


ជនសង្ស័យឈ្មោះ KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧។


ជាលទ្ធផលវត្ថុតាងចាប់យក ៖ ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាល្បាយ​គ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ចំនួន២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)។


បច្ចុប្បន្នជនសង្ស័យ​​បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕