អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងខណៈលោកគីមជុងអ៊ុនត្រៀមជួបលោកពូទីន

ដោយ៖រតនា

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េកាលពីព្រឹកថ្ងៃពុធខណៈដែលលោក គីម ជុងអ៊ុន ត្រៀមជួបលោក វ្ល៉ាឌីមៀ ពូទីន នៅប្រទេសរុស្ស៊ី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា រថភ្លើងឯកជនរបស់លោក គីម ដែលបានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ បានឆ្លងចូលទៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ។ មេដឹកនាំទាំងពីរអាចជួបគ្នានៅព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក នេះបើយោងតាមពិធីករនៃកម្មវិធីពេញនិយមបំផុតមួយនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី។

មន្ត្រីអាមេរិកបានព្រមានថា ការចរចាអាវុធអាចនៅលើតុក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេ ដែលនឹងឃើញកូរ៉េខាងជើងផ្តល់អាវុធសម្រាប់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន។

ជប៉ុនចេញសេចក្តីប្រកាសអាសន្ន៖ ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយនៅព្រឹកថ្ងៃពុធថា មីស៊ីលផ្លោងដែលអាចកើតមានត្រូវបានបាញ់ដោយកូរ៉េខាងជើង ដោយបានព្រមាននាវានៅក្នុងតំបន់ឱ្យនៅឆ្ងាយពីវត្ថុដែលធ្លាក់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធទៅកាន់ឆ្មាំឆ្នេរសមុទ្រ៕