សន្ដិសុខសង្គម

រថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់

ដោយ៖វិចិត្រ

ភ្នំពេញ៖រថយន្តទំនើបបើកបុកម៉ូតូចំពីក្រោយ បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ធ្ងរ ហើយរថយន្តព្យាយាមបើករត់ជ្រុលធ្លាក់ជង្ហុកទៅមុខលែងរួច រីឯតៃកុងចុះរត់គេច ខ្លួនបាត់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែកញ្ញា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខ ស្វាយរៀង1A-9183 ឌុបគ្នា២នាក់ពីកើតទៅលិច។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តទំនើបផ្លាកលេខភ្នំពេញ 2BF-5495 បើកមកពីក្រោយយ៉ាងលឿន បានបុកពេញទំហឹង បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់។

ពេលបង្កគ្រោះថ្នាក់រថយន្តមិនបានឈប់ទេ ក៏ព្យាមយាមបើករត់ចូលតាមផ្លូវលំមួយខ្សែ បណ្តាលឱ្យជ្រុលធ្លាក់ជង្ហុកទៅមុខលែងរួច។ភ្លាមនោះអ្នកបើកបរបានបើកទ្វារចុះ គេចខ្លួនបាត់ទុករថយន្តចោលនៅទីនោះ។ចំណែកខាងម៉ូតូរងគ្រោះទាំង២នាក់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះពិនិត្យវាស់វែង ហើយយករថយន្តបង្ក និងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំតំណាង ភាគីទាំងសងខាងមកដោះស្រាយពេលក្រោយ៕