ព័ត៌មានជាតិ

រដ្ឋបាលខេត្តគ្រោងសង់មណ្ឌលសុខភាពស្តង់ដារនៅជិតសាលាសង្កាត់បឹងកុក

ដោយ៖ គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត គ្រោងនឹងស្ថាបនាមណ្ឌលសុខភាពបឹងកុក មានលក្ខណៈស្តង់ដារនៅជិត​សាលាសង្កាត់បឹងកុក ក្រុងកំពង់ចាម គឺដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ។


លោក ខ្ចង អូន ចៅសង្កាត់បឹងកុកដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមដែលបានដឹកនាំសហការី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញចុះពិនិត្យទីតាំងដែលត្រូវសាងសង់មណ្ឌលសុខភាពបឹងកុក នៅព្រឹកថ្ងៃទី ១១ កញ្ញានេះបានឱ្យដឹងថា៖ កន្លែងដែលត្រូវស្ថាបនាមណ្ឌលសុខភាពបឹងកុក លើផ្ទៃដីប្រមាណ ទទឹង ៣០ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រ នៅជិតសាលាសង្កាត់បឹងកុក ស្ថិតក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។


លោកចៅសង្កាត់បានបន្តថា៖មណ្ឌលសុខភាពគ្រោងនឹងសង់នេះ គឺនឹងមកជំនួស​មណ្ឌលសុខភាពបឹងកុកសព្វថ្ងៃ នៅក្នុងមន្ទីរពេទ្យកុមារខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់ ក្រុងកំពង់ចាម ដែលមានលោកស្រី ជួប វណ្ណារី ជាប្រធានមណ្ឌល៕